ដោយមើលរំលងតួនាទីរបស់រដ្ឋាភិបាលស៊ីវិលថៃ ជាថ្មីម្តងទៀត មេបញ្ជាការភូមិភាគ២របស់ថៃ លោក ប៊ុនស៊ីន ផាតក្លាង (Boonsin Padklang) បានភ្ជាប់ព្រះរាជតួនាទីរបស់ព្រះមហាក្សត្រថៃ វ៉ាជីរ៉ាឡុងកន រាមាទី១០ ទៅនឹងប្រតិបត្តិការយោធានៅតាមព្រំដែនកម្ពុជា ដោយលើកឡើងពីការកង្វល់របស់ទ្រង់ចំពោះក្រុមទាហានដែលរងគ្រោះថ្នាក់។
លោក ប៊ុនស៊ីន ផាតក្លាង ដែលជាមេបញ្ជាការជិតចូលនិវត្តន៍ បានជំរុញជម្លោះនៅតាមព្រំដែនរបស់ប្រទេសកម្ពុជា តាមរយៈការបញ្ឆេះជម្លោះវោហាស័ព្ទជាបន្តបន្ទាប់ និងដាក់ចេញវិធានការដោយចិត្តឯងក្នុងការបិទព្រំដែនជាមួយកម្ពុជា រហូតដល់ការបង្កហេតុជម្លោះប្រដាប់អាវុធ ដោយការបញ្ជាបិទប្រាសាទតាមាន់នៅថ្ងៃទី២៣ខែកក្កដា និងការផ្ទុះអាវុធនៅថ្ងៃទី២៤ខែកក្កដា។
នៅក្នុងធ្វើបឋកថាមួយនៅសាលាជាតិយោធាថៃ (National Defence College) យោងកាសែតថៃ ខាវសុត បាននិយាយថា ថ្ងៃទី១៩ សីហា ២០២៥ បានផ្សាយថា លោក ឧត្តមសេនីយ៍ទោ ប៊ុនស៊ីន ផាតក្លាង បានលើកពីការខ្វល់ខ្វាយរបស់ស្តេច វ៉ាជីរ៉ាឡុងកនចំពោះកងទ័ពរបស់លោក។
តាមការចេញផ្សាយនោះ កាសែត ខាវសុត ស្រង់សម្តីដូចបាននិយាយថា៖«ព្រះករុណាជាម្ចាស់ ព្រះអង្គព្រួយព្រះទ័យយ៉ាងខ្លាំង ចំពោះពលទាហ៊ានទាំងអស់ដែលបានរងគ្រោះ។ ចំពោះប្រតិបត្តិការយោធានេះ ព្រះអង្គទទួលទាហ៊ានរងគ្រោះទាំងអស់នោះដាក់នៅក្រោមការគ្រប់គ្រងថែទាំផ្ទាល់ពីព្រះរាជា»។
ឧត្តមសេនីយ៍ទោ ប៊ុនស៊ីន ផាតក្លាង បានបង្កអរិភាពជាច្រើនលើកច្រើនសារជាសាធារណៈជាមួយរដ្ឋាភិបាលស៊ីវិលដែលកើតចេញពីការបោះឆ្នោតដឹកនាំដោយគណបក្សភឿថៃ ដូចជា ការចេញបញ្ជាឲ្យបិទព្រំដែន ការប្រកាសរកមូលនិធិទិញលួសបន្លាដើម្បីរាយតាមព្រំដែនកម្ពុជា ការចេញអត្ថាធិប្បាយមិនទទួលស្គាល់ការដំណើរទៅចរចារបស់នាយករដ្ឋមន្ត្រីស្តីទី លោក Phumtham Wechayachai ដោយសំអាងថា គ្មានលិខិតប្រគល់សិទ្ធិពីព្រះមហាក្សត្រជាដើម។
ជារឿងៗ រដ្ឋាភិបាលស៊ីវិលរបស់ថៃ ដឹកនាំដោយនាយករដ្ឋមន្ត្រីស្តីទី លោក Phumtham Wechayachai បានចេញវាយប្រហារតបវិញ ដោយឲ្យលោក ឧត្តមសេនីយ៍ទោ ប៊ុនស៊ីន ផាតក្លាង ស្នើសុំថវិការដ្ឋាភិបាលសម្រាប់ការចំណាយជាដើម ដោយមិនត្រូវរៃអង្គាសពីប្រជាជននោះទេ។
ពេលដែលលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នៅកាន់តំណែងជានាយករដ្ឋមន្ត្រី គឺ លោក ប៊ុនស៊ីន ផាតក្លាងនេះ មិនដែលយកវិធានការរបស់រដ្ឋាភិបាលទៅអនុវត្តទេ ផ្ទុយទៅវិញតែងតែធ្វើសកម្មភាពបង្កហេតុ បង្កើនជម្លោះតាមព្រំដែនតាមគ្រប់រូបភាព ដែលជាការបង្កហេតុដើម្បីខ្លួនអាចបញ្ឆេះសង្គ្រាមឡើង៕