ភ្លៀងធ្លាក់ខ្លាំងនៅទូទាំងភាគកណ្តាល និងភាគខាងត្បូងប្រទេសចិន បណ្តាលឲ្យមនុស្សស្លាប់កើនដល់ ២២នាក់ និង ២០នាក់បាត់ខ្លួន ខណៈទីក្រុងរងការខូចខាតធ្ងន់ធ្ងរ

ក្រុងប៉េកាំង៖ភ្លៀងធ្លាក់ខ្លាំងនៅទូទាំងភាគកណ្តាល និងភាគខាងត្បូងប្រទេសចិន ចាប់តាំងពីចុងសប្តាហ៍ មក បានបង្កឱ្យមានទឹកជំនន់ និងគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរ ដោយបណ្តាលឱ្យមានអ្នកស្លាប់កើនឡើងដល់ ២២នាក់ និងប្រមាណ២០នាក់បាត់ខ្លួននិងហេដ្ឋារចនា សម្ព័ន្ធនៅតាមទីក្រុងនិងតំបន់ជាច្រើនក៏រងការខូចខាត យ៉ាងធ្ងន់ធ្ងរ។

នេះបើតាមការផ្សព្វផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ចិន ស៊ីនហួរ នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៦។

តាមតំបន់នីមួយៗ មានការខូចខាត និងគ្រោះថ្នាក់ដូចខាងក្រោម៖នៅខេត្ត ហ៊ូណាន (ភាគកណ្តាល) មនុស្ស ៥នាក់ស្លាប់ និង ១១នាក់ បាត់ខ្លួន។ ប្រជាជនជាង ៦១,៥០០នាក់រងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ជន់លិចដ៏សន្ធឹកសន្ធាប។
នៅខេត្តក្វាងស៊ី(ភាគខាងត្បូង) មនុស្ស ១០នាក់ស្លាប់ បន្ទាប់ពីរថយន្តដឹកទំនិញមួយគ្រឿងធ្លាក់ចូលទៅក្នុងទន្លេដែលកំពុងហូរខ្លាំង។នៅខេត្តគុយចូវ មានអ្នកស្លាប់ ៤នាក់និងបាត់ខ្លួន៥នាក់។ នៅខេត្តហ៊ូប៉ី មានអ្នកស្លាប់ ៣នាក់ និងបាត់ខ្លួន ៤នាក់។

ជាការឆ្លើយតប រដ្ឋាភិបាលចិនបានបែងចែកថវិកាសង្គ្រោះគ្រោះមហន្ត រាយចំនួន១២០លានយ័ន (ស្មើនឹងប្រហែល ១៧,៦លានដុល្លារអាមេរិក) ដើម្បីជួយសង្គ្រោះ និងស្តារតំបន់ដែលរងផលប៉ះពាល់ចំនួនប្រាំខេត្ត។

បច្ចុប្បន្ន អាជ្ញាធរកំពុងបន្តស្វែងរកអ្នកបាត់ខ្លួន និងផ្តល់ជំនួយបន្ទាន់ដល់ប្រជាជនដែលរងផលប៉ះពាល់៕