កាលពីថ្ងៃទី១០ ខែកញ្ញា ទីភ្នាក់ងារសមត្ថកិច្ចនៃនាយកដ្ឋានស៊ើបអង្កេតកណ្តាល (CIB) បានចាប់ផ្សឹក និងឃាត់ខ្លួនព្រះចៅអធិការវត្តពុទ្ធៃសវ៉ាន់ (Wat Phutthaisawan) ព្រះនាម ព្រះគ្រូ អាទិចឆត ធម្មប៉ារ៉ូ (Atichot Thammaparo) អាយុ ៦៦ វស្សា នៅខេត្តអយុធ្យា ប្រទេសថៃ ពីបទកេងប្រវ័ញ្ចប្រាក់ និងលាងលុយ។
ក្រុមអ្នកស៊ើបអង្កេតចោទប្រកាន់ថា ព្រះអង្គបានដកប្រាក់មូលនិធិវត្តចំនួនជាង ៩២ លានបាត (ប្រហែល ២,៩ លានដុល្លារអាម៉េរិក) យកទៅប្រគល់ឱ្យស្ត្រីស្និទ្ធស្នាលម្នាក់ ដើម្បីបិទបាំង និងបំប្លែងទ្រព្យសម្បត្តិ ដោយប្រព្រឹត្តលើសអំណាច និងធ្វេសប្រហែសក្នុងតួនាទី។
ការស៊ើបអង្កេតសម្ងាត់រកឃើញថា ក្នុងរយៈពេលជាង ២ ឆ្នាំកន្លងមក មានការចេញវិញ្ញាបនបត្របង្កាន់ដៃបរិច្ចាគប្រាក់ដោយគ្មានការអនុញ្ញាតចំនួនជាង ២០ សន្លឹក ក្នុងនាមវត្ត ដើម្បីកេងប្រាក់យកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន។ លើសពីនេះ រូបភាពកាមេរ៉ាសុវត្ថិភាពនៅក្នុងកុដិ ក៏បង្ហាញពីសកម្មភាពស្និទ្ធស្នាលរវាងព្រះចៅអធិការ និងស្ត្រីរូបនោះ ដែលបច្ចុប្បន្នក៏ត្រូវបានឃាត់ខ្លួនដើម្បីសាកសួរដែរ។
ព្រះចៅអធិការអង្គនេះ ជាបុគ្គលល្បីល្បាញខាងបង្កើតគ្រឿងកាយបូជា ដូចជាយ័ន្តជាដើម។ ការចាប់ខ្លួននេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈអាជ្ញាធរថៃកំពុងរឹតបន្តឹងការត្រួតពិនិត្យលើបទល្មើសហិរញ្ញវត្ថុក្នុងស្ថាប័នសាសនានៅទូទាំងប្រទេស។
