កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ អាជ្ញាធរបានរៀបចំពិធីចែកជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិដីធ្លី) ចំនួន ២៥.៧៩០ បណ្ណ ជូនប្រជាពលរដ្ឋម្ចាស់ដី នៅក្នុងស្រុកទឹកផុស ស្រុកកំពង់ត្រឡាច និងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ថា ក្រសួងរៀបចំដែនដីនឹងខិតខំបញ្ចប់ការងារចុះបញ្ជី និងផ្តល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ឱ្យបានរួចរាល់ជាស្ថាពរក្នុងអាណត្តិនេះ។
ឯកឧត្តមបានបញ្ជាក់ថា ការធ្វើបែបនេះគឺដើម្បីធានាថាដីធ្លីដែលប្រជាពលរដ្ឋកាន់កាប់នឹងក្លាយជាទ្រព្យសម្បត្តិស្របច្បាប់រឹងមាំ តកូនតចៅ ប្រកបដោយសុវត្ថិភាពផ្លូវច្បាប់ និងបង្កភាពងាយស្រួលក្នុងការទិញ-លក់ ឬប្រើប្រាស់ជាទ្រព្យសកម្ម ដើម្បីបង្កើតប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅ។
លើសពីនេះ ឯកឧត្តមក៏បានជំរុញឱ្យអាជ្ញាធរខេត្តកំពង់ឆ្នាំងយកចិត្តទុកដាក់លើការរៀបចំដែនដី និងការរៀបចំក្រុងឱ្យបានច្បាស់លាស់ និងមានផែនការប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ដូចជាការបែងចែកតំបន់ព្រៃលិចទឹក តំបន់កសិកម្ម និងតំបន់អភិវឌ្ឍន៍ឧស្សាហកម្ម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបន្តថា ខេត្តកំពង់ឆ្នាំងមានសក្តានុពលខ្ពស់សម្រាប់វិស័យកសិកម្ម និងការចិញ្ចឹមសត្វ ដូច្នេះការរៀបចំដីធ្លីឱ្យទៅជា «តំបន់ប្រើប្រាស់ច្រើនយ៉ាង» គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការបង្កើតមុខរបរ បង្កើនប្រភពចំណូល និងទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តឱ្យកាន់តែមានស្ថិរភាព និងចីរភាព។
