ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃបានផ្តល់សេវាសុខភាព ដល់ជនជាប់ឃុំទូទាំងប្រទេសសរុប ១.៤០២.៥១៧ ករណី ចាប់ពីដើមឆ្នាំ ២០២៣ ដល់ពាក់កណ្ដាលឆ្នាំ២០២៦។ ក្នុងនោះ ព្យាបាលនៅប៉ុស្តិ៍សុខភាពពន្ធនាគារ ១.៣៩៤.៩៩១ ករណី និងបញ្ជូនទៅខាងក្រៅ ៧.៥២៦ ករណី។
ក្នុងរយៈពេលដដែល ទណ្ឌិតសរុប ១៧.៧១៤នាក់ (ស្ត្រី ២.៤៤៨ នាក់) បានទទួលការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមុខរបរចិញ្ចឹមជីវិត ក្នុងនោះមានជំនាញកាត់ដេរ កាត់សក់ ប្រើប្រាស់-ជួសជុលកុំព្យូទ័រ ជួសជុលម៉ូតូ-យានយន្ត បច្ចេកទេសកសិកម្ម សំណង់ស៊ីវិល និងផលិតកម្ម។ ចាប់ពីឆ្នាំ២០២៥ ដល់ឆមាសទី១ ឆ្នាំ២០២៦ មានជនជាប់ឃុំ ៦.៣៩២ នាក់ (ស្ត្រី ៦២៧នាក់) ចូលរៀនអក្ខរកម្ម និងភាសាបរទេស ខណៈ ២១.២០៤នាក់ ត្រូវបានវាយតម្លៃសម្រាប់ស្នើសុំបន្ធូរបន្ថយ ឬលើកលែងទោស។
បច្ចុប្បន្ន កម្ពុជាមានពន្ធនាគារ ២៥ និងមណ្ឌលអប់រំកែប្រែ ម៤។ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្ពោធអគារឃុំឃាំង និងសមិទ្ធផលនានានៅពន្ធនាគារខេត្តកែប ដោយផ្តល់អនុសាសន៍ឱ្យពន្ធនាគារជាទីកន្លែងស្អាតស្អំ គ្មានរឿងអាស្រូវ និងរឹតបន្តឹងការត្រួតពិនិត្យច្រកចេញ-ចូល ដើម្បីទប់ស្កាត់គ្រឿងញៀន អាវុធ និងសម្ភារខុសច្បាប់
