លោកត្រាំ ព្រមានអ៊ុយក្រែនឱ្យបញ្ឈប់ការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរុស្ស៊ី អះអាងថាជាមូលហេតុនៃវិបត្តិប្រេងម៉ាស៊ូតសកល

អៀរឡង់ដ៍៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានមេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលែនស្គី ឱ្យបញ្ឈប់ការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងម៉ាស៊ូតនៅរុស្ស៊ីភ្លាមៗ កាលពីថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២៦។

លោកត្រាំ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅទីលានវាយកូនហ្គោល Doonbeg របស់គ្រួសារលោក ក្នុងខេត្ត Clare ប្រទេសអៀរឡង់ដ៍ ថា ការវាយប្រហាររបស់អ៊ុយក្រែនលើហេដ្ឋារចនាសម្ព័ន្ធប្រេងឥន្ធនៈរុស្ស៊ី គឺជាមូលហេតុផ្ទាល់នៃការខ្វះខាតប្រេងម៉ាស៊ូតសកល ដែលកំពុងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក។

«លោកហ្សេលែនស្គី ត្រូវធ្វើអ្វីមួយគឺ ត្រូវបញ្ឈប់ការវាយលុបប្រេងម៉ាស៊ូតនៅរុស្ស៊ី» លោកត្រាំ មានប្រសាសន៍។ «មានគោលដៅផ្សេងទៀតជាច្រើន។ កុំវាយលើប្រេងម៉ាស៊ូត ព្រោះវាកំពុងធ្វើឱ្យពិភពលោករងគ្រោះ»។

លោកបន្តថា លោកបានពិភាក្សាដោយផ្ទាល់ជាមួយលោកហ្សេលែនស្គីអំពីបញ្ហានេះ ហើយស្នើឱ្យអ៊ុយក្រែនផ្តោតលើគោលដៅយោធាផ្សេងទៀត ជំនួសឱ្យរោងចក្រចម្រាញ់ប្រេងម៉ាស៊ូត ដើម្បីជៀសវាងការធ្វើឱ្យវិបត្តិថាមពលសកលកាន់តែធ្ងន់ធ្ងរ។ លោកត្រាំ សង្កត់ធ្ងន់ថា បញ្ហាខ្វះខាតនេះ «មិនមែនកើតចេញពីមជ្ឈិមបូព៌ាទេ ប៉ុន្តែមកពីអ្វីដែលកំពុងកើតឡើងរវាងរុស្ស៊ី និងអ៊ុយក្រែន»។

ការថ្លែងនេះធ្វើឡើងក្នុងអំឡុងដំណើរទស្សនកិច្ចពីរថ្ងៃរបស់លោកត្រាំ នៅប្រទេសអៀរឡង់ដ៍ ដើម្បីចូលរួមព្រឹត្តិការណ៍ Irish Open និងជួបថ្នាក់ដឹកនាំអៀរឡង់ដ៍នៅទីក្រុងឌូប្លីន។

ទន្ទឹមនេះ អ៊ុយក្រែនបានបន្តបង្កើនការវាយប្រហារលើប្រភពថាមពលរុស្ស៊ី ដោយចាត់ទុកថាជាប្រភពហិរញ្ញវត្ថុសំខាន់ដែលទ្រទ្រង់សង្គ្រាមរបស់ទីក្រុងម៉ូស្គូ។ ខណៈពេលជាមួយគ្នា អ៊ុយក្រែនខ្លួនឯងកំពុងប្រឈមនឹងការវាយប្រហារតាមអាកាសយ៉ាងខ្លាំង និងខ្វះខាតប្រព័ន្ធការពារដែនអាកាស។

តម្លៃប្រេងម៉ាស៊ូតជាមធ្យមនៅសហរដ្ឋអាមេរិកបានកើនឡើងលើស ៦ ដុល្លារក្នុងមួយហ្គាឡុង កំណត់ត្រាថ្មីមួយ មុនការថ្លែងរបស់លោកត្រាំ៕