រដ្ឋបាលខេត្តកំពង់ឆ្នាំង ចេញសេចក្តីជូនដំណឹង ពង្រឹងការហាមឃាត់នាំចូលសំណល់អាគុយ និងសំណល់បរិក្ខារអគ្គិសនី-អេឡិចត្រូនិច

កំពង់ឆ្នាំងៈ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញលិខិតផ្លូវការលេខ ១៣២២/២៥ ស.ជ.ណ ចុះថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៦ ស្តីពីការអនុវត្តវិធានការច្បាប់លើការនាំចូលសំណល់អាគុយ និងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិចពីក្រៅប្រទេសចូលមកព្រះរាជាណាចក្រកម្ពុជា។

លិខិតនេះបានយោងតាមលិខិតលេខ ៥៥៩១/០២.១២ របស់ក្រសួងបរិស្ថាន ចុះថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៦ ដែលបញ្ជាក់យ៉ាងច្បាស់ថា ការនាំចូលសំណល់ប្រភេទនេះត្រូវបានហាមឃាត់ទាំងស្រុង អនុលោមតាមក្រមបរិស្ថាន និងធនធានធម្មជាតិ និងអនុក្រឹត្យស្តីពីការគ្រប់គ្រងសំណល់រឹង។

ក្នុងលិខិតនោះ រដ្ឋបាលខេត្តបានស្នើសុំទៅសាលាក្រុង-ស្រុក មន្ទីរបរិស្ថានខេត្ត និងស្ថាប័នពាក់ព័ន្ធទាំងអស់ ឱ្យពង្រឹងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការនាំចូល ការផ្ទុក និងការចែកចាយសំណល់អាគុយ និងសំណល់បរិក្ខារអគ្គិសនី-អេឡិចត្រូនិច ដែលមានផ្ទុកសារធាតុពុលគ្រោះថ្នាក់ ដូចជា បារត កាដមីញ៉ូម នីកែល ក្រូមីញ៉ូម អាសេនិក និងសំណ។

សារធាតុទាំងនេះអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋ និងបរិស្ថាន ប្រសិនបើមិនត្រូវបានគ្រប់គ្រងតាមបទដ្ឋានបរិស្ថាន។

ការចេញសេចក្តីជូនដំណឹងនេះ ស្ថិតក្នុងក្របខណ្ឌនៃការពង្រឹងការគ្រប់គ្រងសំណល់គ្រោះថ្នាក់នៅទូទាំងប្រទេស តាមសេចក្តីណែនាំរបស់ក្រសួងបរិស្ថាន។