ភ្លើងឆេះលើផ្លូវរថភ្លើង MRT ក្បែរស្ថានីយ៍តាវពុន បណ្តាលឱ្យផ្អាកសេវាកម្មគ្រប់ស្ថានីយ៍

បាងកក: មានករណីអគ្គិភ័យបានកើតឡើងនៅលើផ្លូវរថភ្លើង MRT ក្បែរស្ថានីយ៍តាវពុន (Tao Poon) ក្នុងទីក្រុងបាងកក កាលពីម៉ោងប្រមាណ ១២:២០ ទៅ ១២:៣០ នាទី ថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២៦។

របាយការណ៍បឋមបង្ហាញថា ហេតុការណ៍នេះបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី (electrical short circuit) នៅខ្សែកាបថាមពលលើផ្លូវរថភ្លើង តាមបណ្តោយផ្លូវប្រាចារ៉ាត់ សាយ ២ មុខអគារជីវ៉ាថៃ ក្នុងតំបន់បាងស៊ូ។ ក្រុមអគ្គិភ័យ និងសង្គ្រោះបាងផូ បានទៅដល់ទីកន្លែងភ្លាមៗ ដើម្បីពន្លត់ភ្លើង និងគ្រប់គ្រងស្ថានការណ៍។

ក្រុមហ៊ុន Bangkok Expressway and Metro (BEM) បានប្រកាសផ្អាកសេវាកម្មរថភ្លើង MRT ជាបណ្តោះអាសន្ននៅគ្រប់ស្ថានីយ៍ទាំងអស់ ដោយសារភ្លើងឆេះតាមបណ្តោយផ្លូវរថភ្លើងរវាងស្ថានីយ៍តាវពុន និង បាងផូ។ ក្រោយមក BEM បានធ្វើបច្ចុប្បន្នភាពថា សេវាកម្មរវាងស្ថានីយ៍បាងផូ ទៅ កាំផែងភេត នៅតែបិទដំណើរការ ដោយសារបញ្ហាផ្គត់ផ្គង់អគ្គិសនី ហើយអ្នកដំណើរអាចជួបការពន្យារពេលរហូតដល់ ៦០ នាទី។

មានការជម្លៀសអ្នកដំណើរចេញពីអគារស្ថានីយ៍រួចរាល់ហើយ ហើយអ្នកដំណើរជាច្រើននាក់បានស្នើសុំសងប្រាក់សំបុត្រ។ មិនទាន់មានរបាយការណ៍អំពីអ្នករងរបួសនៅឡើយទេ។

បុគ្គលិក និងភ្នាក់ងារពាក់ព័ន្ធកំពុងពិនិត្យ និងដោះស្រាយស្ថានការណ៍ ដោយផ្តល់អាទិភាពខ្ពស់បំផុតដល់សុវត្ថិភាពអ្នកដំណើរ និងបុគ្គលិក។

ប្រភព៖ Khaosod English, Bangkok Post, BEM និង Fire & Rescue Thailand