រកឃើញសារធាតុញៀនប្រភេទកញ្ឆា ២២ គីឡូក្រាម នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

សៀមរាប៖ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៦ នៅស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មន្ត្រីគយនិងរដ្ឋាករបានសហការជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ ធ្វើការត្រួតពិនិត្យអ្នកដំណើរបរទេសម្នាក់ ដែលត្រៀមធ្វើដំណើរចាកចេញពីព្រះរាជាណាចក្រកម្ពុជា។

ជាលទ្ធផលនៃការត្រួតពិនិត្យ ក្រុមការងារបានរកឃើញរុក្ខជាតិក្រៀម សង្ស័យជាសារធាតុញៀនប្រភេទកញ្ឆា ចំនួន ៤៤ កញ្ចប់ មានទម្ងន់សុទ្ធសរុប ២២ គីឡូក្រាម ដែលត្រូវបានលាក់បង្កប់ក្នុងវ៉ាលីសសំលៀកបំពាក់របស់ជនសង្ស័យ។

បន្ទាប់ពីបានបំពេញនីតិវិធីបឋម និងរៀបចំកំណត់ហេតុល្មើសច្បាប់គយរួចរាល់ ក្រុមការងារបានប្រគល់ជនសង្ស័យ វត្ថុតាង និងសម្ភារៈពាក់ព័ន្ធ ជូនអង្គភាពនគរបាលប្រឆាំងគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន។