ឃាត់ខ្លួនជនសង្ស័យ១នាក់ ពីបទលួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ១១:៣០ នាទីព្រឹក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ១នាក់ ពីបទលួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ការឃាត់ខ្លួន និងការប្រព្រឹត្តបទល្មើសបានកើតឡើងនៅចំណុចតូបលក់សាច់ជ្រូកលេខ ៤១៤ (ក្នុងផ្សារសាមគ្គី) ផ្លូវលេខ ១២២ ក្រុមទី ១៦ ភូមិ ៥ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅវេលាម៉ោងប្រហែល ១១:១៥ នាទីព្រឹក។

ជនសង្ស័យឈ្មោះ ពៅ សាវ៉ាត ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ។ លទ្ធផលតេស្តទឹកនោមបង្ហាញថា មានសារធាតុញៀន។

វត្ថុតាងដែលចាប់យកបាន រួមមានទូរស័ព្ទដៃចំនួន ១ គ្រឿង ម៉ាក OPPO A58 ពណ៌ខ្មៅ ដែលជារបស់ជនរងគ្រោះ ត្រូវបានជនសង្ស័យលួចយកនៅពេលកើតហេតុ និងត្រូវបានប្រគល់ជូនជនរងគ្រោះវិញ តាមពាក្យស្នើសុំ។

ជនរងគ្រោះឈ្មោះ ប៉ែន ស៊ីណូ ភេទស្រី អាយុ ៥៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករលក់សាច់ជ្រូក មានទីលំនៅផ្ទះពុំចាំលេខ ផ្លូវបេតុង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុងត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕