ជំនាញជលផលកំពង់ចាម បន្តចុះបង្ក្រាបបទល្មើសជលផល ២ករណី នៅស្រុកព្រៃឈរ
កំពង់ចាម៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកព្រៃឈរ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន និងសហគមន៍នេសាទសាមគ្គីឃុំមៀន បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលចំនួន ២ករណី នៅក្នុងភូមិសាស្ត្រស្រុកព្រៃឈរ ខេត្តកំពង់ចាម។
លោក លី ស្រី នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានឲ្យដឹងថា ប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសទាំងពីរករណីនេះ ត្រូវបានអនុវត្តដោយមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។
ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានរុះរើបំផ្លាញ និងរឹបអូសឧបករណ៍ខុសច្បាប់ រួមមាន៖
-ករណីទី១ នៅចំណុចកោះចេក ឃុំមៀន ស្រុកព្រៃឈរ៖ រឹបអូសឧបករណ៍ស្បៃមុងចំនួន ៦មាត់ របាំងស្បៃមុងប្រវែង ១៦០ម៉ែត្រ បង្គោលចម្រឹង ៧៥ដើម និងបានចាក់លែងកូនត្រីចម្រុះទម្ងន់ ៣គីឡូក្រាម។
-ករណីទី២ នៅចំណុចវត្តកំពង់សំរិទ្ធ ឃុំមៀន ស្រុកព្រៃឈរ៖ រឹបអូសឧបករណ៍ស្បៃមុងចំនួន ៨មាត់ របាំងស្បៃមុងប្រវែង ២២០ម៉ែត្រ បង្គោលចម្រឹង ៩៦ដើម និងបានចាក់លែងកូនត្រីចម្រុះទម្ងន់ ៥គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ។
ប្រតិបត្តិការនេះគឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់អាជ្ញាធរជំនាញក្នុងការបង្ក្រាបបទល្មើសជលផល និងការពារធនធានជលផលនៅតំបន់នេះ៕
