ស្វាយរៀង៖ សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត និងអាជ្ញាធរពាក់ព័ន្ធ បានចុះបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្រុងបាវិត ដោយឃាត់ខ្លួនមនុស្សចំនួន១៤នាក់ ក្នុងនោះមានស្ត្រី ៦នាក់ជាជនជាតិវៀតណាម។
ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅវីឡាជួល ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ប្រតិបត្តិការដឹកនាំដោយលោកវរសេនីយ៍ឯក ស្រេង ហួត ស្នងការរងនគរបាលខេត្តសហការ ជាមួយលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង លោក ម៉ែន ចាន់រ៉ា អភិបាលក្រុងបាវិត និងមានការសម្របសម្រួលពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន កុំព្យូទ័រលើតុ All-In-One, ធុង CPU, ម៉ូនីទ័រ, ទូរស័ព្ទដៃ និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូន មកការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងដើម្បី ចាត់ការតាមនីតិវិធីច្បាប់ ខណៈទីតាំងសង្ស័យត្រូវបានបិទស៊ីលជាបណ្តោះអាសន្ន។
