នគរបាលខណ្ឌដង្កោ បង្ហាញមុខជនសង្ស័យ ៣ នាក់ ពាក់ព័ន្ធករណីប្រើចំពាមបាញ់ប្លន់យកម៉ូតូ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នគរបាលខណ្ឌដង្កោ បានបង្ហាញមុខជនសង្ស័យចំនួន ៣ នាក់ ដែលពាក់ព័ន្ធករណីប្រើចំពាមបាញ់ប្លន់យកម៉ូតូមួយគ្រឿងពីជនរងគ្រោះ។

ករណីនេះបានកើតឡើងនៅវេលាម៉ោង ៣ និង ៥៥ នាទីទៀបភ្លឺ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅចំណុចផ្លូវ ២១៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ដោយអនុវត្តតាមការណែនាំរបស់លោកវរសេនីយ៍ឯក ជឹម សុីថា អធិការខណ្ឌដង្កោ លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌដង្កោ បានដឹកនាំកម្លាំងនគរបាលជំនាញ រួមជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលដង្កោ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកងមាស ខេត្តកំពង់ចាម បានឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង ៣ នាក់។

ក្នុងប្រតិបត្តិការនេះ អាជ្ញាធរបានដកហូតម៉ូតូចំនួន ២ គ្រឿង ទូរស័ព្ទដៃ ២ គ្រឿង និងកាំបិតបុ័ងតោ ១ ដើម យកមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕