កំពង់ឆ្នាំង៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ និងជាប្រធានគណៈកម្មការជម្រុញចលនាភូមិមួយផលិតផលមួយ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជម្រុញចលនាភូមិមួយផលិតផលមួយ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង។
កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ប្រតិភូអមដំណើរ លោកអភិបាលរងខេត្ត លោកនាយក និងនាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ និងអង្គភាពជុំវិញខេត្ត អភិបាលក្រុង និងស្រុកទាំង៨ ព្រមទាំងប្រជាកសិករភូមិមួយផលិតផលមួយផងដែរ។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បីពិនិត្យវឌ្ឍនភាពការងារ និងបញ្ហាប្រឈមរបស់គណៈកម្មាធិការជម្រុញចលនាភូមិមួយផលិតផលមួយខេត្ត ក៏ដូចជាក្រុមផលិតករដែលបានជួបប្រទះកន្លងមក ព្រមទាំងចែកវិញ្ញាបនបត្រដល់បណ្តុំអ្នកផលិត។
