ឯកសារវិនិច្ឆ័យចុះបញ្ជីដីធ្លីជាប្រព័ន្ធ នៅឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ត្រូវបានបិទផ្សាយជាសាធារណៈ

កំពង់ឆ្នាំង ៖ ឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចំនួន៧ភូមិ ក្នុងឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីឱ្យម្ចាស់ដីទាំងអស់មកពិនិត្យផ្ទៀងផ្ទាត់។

ពិធីបិទផ្សាយជាសាធារណៈនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ម៉ឹង វុធី អភិបាលរងខេត្តកំពង់ឆ្នាំង។

លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ឯកសារនៃវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ នាពេលនេះ មានចំនួន ១៣.៥២៤ ក្បាលដី ស្ថិតក្នុងភូមិចំនួន៧។ ការបិទផ្សាយនេះមានរយៈពេល ១៥ ថ្ងៃ ដើម្បីឱ្យម្ចាស់ក្បាលដីទាំងអស់ចូលរួមពិនិត្យផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវ ដូចជាទំហំដី និងឈ្មោះម្ចាស់ដីជាដើម។

លោក ម៉ឹង វុធី អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា កិច្ចការងារចុះបញ្ជីដីធ្លី គឺជាកិច្ចការងារនៃការទទួលបាននូវសិទ្ធិស្របច្បាប់ ក្លាយជាម្ចាស់ដីពិតប្រាកដ ដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ ដោយគ្មានការព្រួយបារម្ភ។ ម្ចាស់ដីអាចប្រើប្រាស់ប័ណ្ណកម្មសិទ្ធិនេះ ដើម្បីផលប្រយោជន៍ផ្សេងៗក្នុងការប្រកបមុខរបរ និងអាជីវកម្មរបស់ខ្លួន៕