ស្វាយរៀង៖ កម្លាំងនគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងជំនាញ និងអធិការដ្ឋាននគរបាលក្រុងបាវិត បានបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ និងលាក់លៀមកែច្នៃគ្រឿងញៀនខុសច្បាប់ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៣៖៣០នាទីរសៀល នៅបន្ទប់ជួលមួយកន្លែងក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត។
ប្រតិបត្តិការនេះធ្វើឡើងក្រោយទទួលបានព័ត៌មានពីភ្នាក់ងារ និងតាមបទបញ្ជារបស់ស្នងការនគរបាលខេត្ត។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ រួមមានជនជាតិវៀតណាម៤នាក់ និងជនជាតិខ្មែរ១នាក់ ព្រមទាំងរឹបអូសគ្រឿងញៀនសរុប ៩គីឡូក្រាម ៧៧៤.១៣ក្រាម (មេតំហ្វេតាមីន ២,២៩៧.៤៣ក្រាម កេតាមីន ១,៥៦៦.៥៨ក្រាម អិចស្តាស៊ី ៥,៧១០.១២ក្រាម និងកញ្ឆា ៨.៨១ក្រាម)។
ក្រៅពីនេះ ក៏បានដកហូតជញ្ជីងថ្លឹង៣គ្រឿង ឧបករណ៍កែច្នៃ១គ្រឿង ទូរស័ព្ទដៃ៩គ្រឿង ម៉ូតូ១គ្រឿង លិខិតឆ្លងដែន៥ច្បាប់ អត្តសញ្ញាណប័ណ្ណសញ្ជាតិវៀតណាម៥សន្លឹក និងសម្ភារវេចខ្ចប់មួយចំនួន។
ជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅការិយាល័យជំនាញប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការតាមនីតិវិធី។ បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ ត្រូវបានសាលាដំបូងខេត្តស្វាយរៀង សម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តរួចហើយ៕
