កណ្តាល៖ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ ២០២៥ នេះ លោក គួច ចំរើន ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកណ្តាល បានចេញសេចក្តីសម្រេចបញ្ចប់ភារកិច្ចលោកស្រី ធី សុវណ្ណថា ពីមន្រ្តីគណបក្ស និងបញ្ចេញពីសមាជិកគណបក្សប្រជាជនកម្ពុជា។
សេចក្តីសម្រេចនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ បានសម្រេចឱ្យបណ្តេញអ្នកនាង ធី សុវណ្ណថា ចេញពីគណបក្សប្រជាជនកម្ពុជា និងឱ្យរដ្ឋមន្ត្រីមហាផ្ទៃបញ្ចប់តំណែងអ្នកនាងពីអភិបាលរងក្រុងអរិយក្សត្រ ព្រមទាំងដកក្របខ័ណ្ឌរដ្ឋទាំងអស់ បន្ទាប់ពីអ្នកនាងបង្ហោះផ្សព្វផ្សាយព័ត៌មានបំពុល ប៉ះពាល់ដល់កងទ័ព។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ បានចេញប្រកាសបញ្ចប់មុខតំណែងលោកស្រី ធី សុវណ្ណថា ពីអភិបាលរង នៃគណៈអភិបាលក្រុងអរិយក្សត្រ ខេត្តកណ្តាល៕
