ក្រុមហ៊ុនបន្ទះឈីបរបស់ប្រទេសចិន Loongson បានផលិតឈីបសម្រាប់ដំណើរការលើស្ថានីយ៍អវកាស

ក្រុមហ៊ុន Loongson ជាគូប្រកួតប្រជែងរបស់ Intel និង AMD នៅលើទីផ្សារកុំព្យូទ័រ Desktop PC ក្នុងប្រទេសចិន ទោះបីជាមិនមានអ្នកស្គាល់ច្រើននៅលើទីផ្សារសកលក៏ពិតមែន ប៉ុន្ដែកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបានបង្កើតបន្ទះឈីបពិសេសៗ សម្រាប់ដំណើរការលើស្ថានីយ៍អវកាស Tiangong របស់ប្រទេសចិនផ្ទាល់តែម្ដង។

ចំពោះយានអវកាស Tianzhou-8 បានបង្ហោះឡើងទៅស្ថានីយ៍អវកាសរបស់ប្រទេសចិន កាលពីពេលថ្មីៗកន្លងទៅនេះ គឺត្រូវបានដំណើរការដោយបន្ទះឈីបពិសេសៗរបស់ Loongson ដែលបានធ្វើការនាំយកសម្ភារៈផ្គត់ផ្គង់ទម្ងន់ខ្ទង់ 6 តោន បានដោយជោគជ័យ។

ការបង្ហោះនិងចតនៅលើស្ថានីយ៍អវកាស Tiangong ត្រូវបានចំណាយពេលខ្ទង់ 3 ម៉ោង ជាមួយការពឹងផ្អែកលើបន្ទះឈីប Loongson ទាំងអស់នោះ ដើម្បីចាប់សញ្ញាពីចម្ងាយអុបទិក, ការត្រួតពិនិត្យវិទ្យុសកម្មអេឡិចត្រូម៉ាញ៉េទិចដែលបញ្ចេញ ឬឆ្លុះបញ្ចាំងពីផែនដី, ការចាប់យករូបភាព ក៏ដូចជាការគណនាសំខាន់ផ្សេងៗទៀត។

អ្វីដែលសំខាន់បំផុតថែមទៀតនោះគឺថា បន្ទះឈីបទាំងនេះត្រូវប៉ះពាល់ដោយវិទ្យុសកម្ម និងស្ថានភាពពិបាកខ្លាំងហើយក៏នៅតែអាចដំណើរការបានជោគជ័យទៀត សម្រាប់ក្រុមហ៊ុនមកពីប្រទេសចិន។

នេះជាសញ្ញាបង្ហាញថា ប្រទេសចិននឹងកាន់តែលែងត្រូវការចាំបាច់បច្ចេកវិទ្យារបស់បរទេសទៀតនោះទេ ពីព្រោះពួកគេអាចប្រើប្រាស់ផលិតដោយខ្លួនឯងបាន។

ប្រភព៖ IThome

View of TIANGONG 3 – Chinese space station orbiting the planet Earth on black space with stars background. 3D Illustration