ផ្កាយរណបខ្នាតតូចពិតមែន ប៉ុន្ដែមានសមត្ថភាពថតរូបភាពពីលំហមកផែនដីបានច្បាស់

ក្រុមហ៊ុន ArkEdge Space មកពីប្រទេសជប៉ុនបានសម្រេចជោគជ័យដ៏សំខាន់មួយ ដោយបានធ្វើការបញ្ចូនផ្កាយរណបខ្នាតតូចទំហំវ៉ាលី ទៅកាន់លំហហើយថតរូបភាពផែនដីបានច្បាស់មកវិញ។ ផ្កាយរណបខ្នាតតូចនោះមានឈ្មោះហៅថា ONGLAISAT ដែលជាការសហការគ្នារវាងទីភ្នាក់ងារអវកាស TASA របស់តៃវ៉ាន់ផងដែរ។

ជាការពិតណាស់ រូបភាពខាងក្រោមអត្ថបទនេះ ត្រូវបានថតដោយប្រើប្រាស់ ONGLAISAT ដែលមានចម្ងាយ 410 គីឡូមែត្រពីផែនដីនៅលើលំហអាកាស។ ចំពោះរូបភាពសខ្មៅនេះ គឺថតយកពីលើកោះ Camano នៃរដ្ឋ Washington នៅសហរដ្ឋអាមេរិក។

លទ្ធផលនេះពិតជាគួរឲ្យសរសើរ សម្រាប់ផ្កាយរណបខ្នាតតូចទំហំប្រហាក់ប្រហែលទៅនឹងកុំព្យូទ័រលើតុ ឬវ៉ាលីមួយ ដែលមានភ្ជាប់ជាមួយសេនស័រចាប់យករូបភាព CMOS TDI និងប្រព័ន្ធ Korsch off-axis optical system បង្កើតឡើងដោយ TASA នោះ។

នេះពិតជាបច្ចេកវិទ្យាឈានមុខទំនើបមួយ ហើយជាការសហការគ្នាដ៏ល្អរវាងប្រទេសជប៉ុន និងតៃវ៉ាន់ ក្នុងការអភិវឌ្ឍន៍ផ្កាយរណបខ្នាតតូច ហើយនៅកំពុងបន្ដអភិវឌ្ឍន៍បន្ដទៀត ដើម្បីឲ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរជាងនេះទៀត។

ប្រភព៖ ArkEdgeSpace