បច្ចេកវិទ្យាជំនាន់ក្រោយនៃ NFC ឬហៅពេញថា Near Field Communication បានមកដល់ហើយ ជាមួយសមត្ថភាពក្នុងការស្កេនបានចម្ងាយឆ្ងាយជាងមុន 4 ដង និងមានប្រព័ន្ធដំណើរការលឿនជាងមុន ឆ្លាតវៃជាងមុន សុវត្ថិភាពជាងមុនថែមទៀតផង។
ចំពោះចម្ងាយនៃការស្កេនរវាងឧបករណ៍មួយទៅឧបករណ៍មួយទៀត គឺត្រូវបានពង្រឹងបន្ថែមពីចម្ងាយ 0.5cm នៅលើជំនាន់មុន មកដល់ចម្ងាយ 2cm នៅលើជំនាន់ក្រោយនេះ ហេតុដូច្នេះហើយការស្កេនរវាងស្មាតហ្វូន, នាឡិកាឆ្លាតវៃ ទៅកាន់ម៉ាស៊ីនបង់ប្រាក់, ទ្វារឆ្លាតវៃ និងឧបករណ៍ផ្សេងៗទៀតបានចម្ងាយឆ្ងាយជាងមុន ដោយមិនចាំបាច់ប៉ះគ្នា ឬដាក់ជិតគ្នាពេកទៀតទេ។
NFC Release 15 ថែមទាំងផ្ដល់ជូនកម្លាំងសាកកម្លាំង 1W បាន ដើម្បីបញ្ចូលថ្មទៅឲ្យឧបករណ៍តូចៗប្រើប្រាស់ថាមពលថ្មតិចតួចនានា។ ការគាំទ្រនូវមុខងារដូចជា Digital Product Passports (DPP) ដើម្បីតម្រូវតាមស្ដង់ដារនៃសហភាពអឺរ៉ុប ដើម្បីតាមដាននិងងាយស្រួលដឹងប្រភពច្បាស់លាស់ អំពីផលិតផលណាមួយដែលទិញយកមកប្រើប្រាស់។
NFC ជំនាន់ក្រោយនេះជាជំនាន់ Release 15 ហើយកំពុងតែផ្ដល់សេវាកម្មជូនក្រុមហ៊ុនធំៗដូចជា Apple, Google, Sony, Samsung និង Huawei ជាដើម ដើម្បីបំពាក់ឬអាប់ដេតនៅលើឧបករណ៍របស់ពួកគេ។ នៅចុងឆ្នាំ 2025 នេះ NFC ជំនាន់ថ្មីក៏ត្រៀមនឹងបញ្ចេញជាសាធារណៈ ដោយផ្ដល់ជូនវិញ្ញាបនប័ត្រក្រោមស្តង់ដារថ្មីនេះ។
