ជំនន់ទឹកភ្លៀង បានលិចលង់លំនៅដ្ឋានពលរដ្ឋជិត ៤០០គ្រួសារ ក្នុងស្រុកចំនួន៤ នៅខេត្តសៀមរាប

សៀមរាប៖ ដោយសារភ្លៀងធ្លាក់ជាប់ៗគ្នា ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។លំនៅដ្ឋានរបស់ប្រជាពលរដ្ឋជិត ៤០០គ្រួសារ រួមទាំងសាលារៀន មន្ទីរពេទ្យ វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងស្រុកចំនួន ៤ ឃុំចំនួន ១២ឃុំ និងភូមិចំនួន ៤១ភូមិ ត្រូវបានជន់លិច។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បានឲ្យដឹងថា ប្រជាពលរដ្ឋដែលរងការប៉ះពាល់ផ្ទះសំបែងមានចំនួន ៣៦៩គ្រួសារ ស្មើនឹង ៣៦៩ខ្នង សាលារៀន ៧កន្លែង មន្ទីរពេទ្យ ២កន្លែង វត្ត/វិហារសាសនា ១កន្លែង ផ្សារ១កន្លែង ផ្លូវកៅស៊ូប្រវែង ១១០ម៉ែត្រ ផ្លូវបេតុងប្រវែង ៦០ម៉ែត្រ ផ្លូវគ្រួសក្រហមប្រវែង ១១ ៩១៥ម៉ែត្រ និងខូចខាតប្រវែង ១ ០៧៦ម៉ែត្រ លូកាត់ផ្លូវ១កន្លែង និងខូចខាត ១កន្លែង។

សូមបញ្ជាក់ថា ស្រុកចំនួន៤ ដែលទទួលរងនូវជំនន់ទឹកភ្លៀង រួមមាន ស្រុកអង្គរជុំ ប៉ះពាល់ចំនួន ៥ឃុំ ស្រុកជីក្រែង ប៉ះពាល់ចំនួន ២ឃុំ ស្រុកប្រាសាទបាគង ប៉ះពាល់ចំនួន ៣ឃុំ និងស្រុកពួក ប៉ះពាល់ចំនួន ២ឃុំ ខណៈភ្លៀងបន្តធ្លាក់ អាចនឹងបង្កជាបញ្ហាប្រឈមដែលត្រូវត្រៀមប្រុងប្រយ័ត្ន និងឆ្លើយតបជាប្រចាំ៕