ឯកឧត្តម គន់ គីម៖ ភាពសប្បាយរីករាយរបស់ពលរដ្ឋភៀសសឹក បង្ហាញពីការជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ប្រជាពលរដ្ឋភៀសសឹកនៅតាមបណ្តាខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ បានចូលរួមអបអរសាទរ និងសប្បាយរីករាយយ៉ាងក្ដៅក្រហល់ ដូចប្រជាពលរដ្ឋទូទៅ តាមរយៈកម្មវិធីរៀបចំដោយរដ្ឋបាលខេត្តក្នុងមូលដ្ឋាន។

ក្នុងឱកាសនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានធ្វើដំណើរចុះទៅតាមបណ្តាខេត្តទាំង៣ ដើម្បីជួបសំណេះសំណាល និងចូលរួមសប្បាយរីករាយជាមួយប្រជាពលរដ្ឋភៀសសឹក។ ដំណើរចុះទៅនេះ កើតឡើងក្នុងគ្រាដែលរាជរដ្ឋាភិបាលកម្ពុជា បានខិតខំគ្រប់មធ្យោបាយ ដើម្បីទាមទារអធិបតេយ្យភាពជាតិ និងដោះស្រាយបញ្ហាការបាត់បង់ទឹកដីដោយសារការឈ្លានពាន។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានចុះជួបប្រជាពលរដ្ឋ ភៀសសឹកផ្ទាល់ផ្តល់ស្នាមញញឹមនិងដោះស្រាយ បញ្ហាជាក់ស្តែង រួមទាំងការផ្តល់ទឹកស្អាត និងរៀប ចំការជញ្ជូនទឹកទៅដល់ខ្នងផ្ទះ ដើម្បីបំពេញតម្រូវ ការប្រើប្រាស់ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងថាទោះ បី ជាស្ថានភាពជីវភាពមិនទាន់ដូចកាលមុនក៏ដោយ ក៏ប៉ុន្តែភាពសប្បាយរីករាយ និងការចូលរួមអបអររបស់ប្រជាពលរដ្ឋភៀសសឹកក្នុងរយៈពេល៣ថ្ងៃនេះ បានឆ្លុះបញ្ចាំងពីការជឿទុកចិត្ត និងការគាំទ្រយ៉ាងមុតមាំចំពោះការដឹកនាំរបស់រាជរដ្ឋាភិ បាល។

ឯកឧត្តម បានបន្តថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់ និងផ្តល់អនុសាសន៍ជាប់ជាប្រចាំ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋភៀសសឹកនៅតាមបណ្តាខេត្តមួយចំនួន។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានសំណូមពរ ឲ្យមានការយោគយល់ពីប្រជាពលរដ្ឋ ចំពោះអាជ្ញាធរ និងក្រុមការងារ ដែលនៅមានកង្វះខាតខ្លះក្នុងការអនុវត្តការងារ។ ឯកឧត្តម បានបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ពិធីបុណ្យចូលឆ្នាំ ក្រុមការងារនឹងពន្លឿនសកម្មភាពការងារ ដើម្បីឆ្លើយតបនឹងតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋភៀសសឹក ឱ្យបានកាន់តែល្អប្រសើរ៕