ក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណជិត ៦០ម៉ឺននាក់ បានមកទស្សនា និងកំសាន្តនៅតាមរមនីយដ្ឋានទេសចរណ៍ និងទីអារាមនានា នៃខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណ ៦០ម៉ឺននាក់ បានធ្វើដំណើរមកទស្សនា និងកំសាន្តនៅតាមរមនីយដ្ឋានទេសចរណ៍ និងទីអារាមនានានៃខេត្តកំពង់ឆ្នាំង ក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អ័ដ្ឋស័ក។

ចំនួនភ្ញៀវទេសចរដ៏ច្រើនសន្ធឹកសន្ធាប់នេះ ត្រូវបានគេចាត់ទុកថាជាកំណត់ត្រាមួយដ៏ខ្ពង់ខ្ពស់សម្រាប់ខេត្តកំពង់ឆ្នាំង ដែលបង្ហាញពីសន្ទុះនៃវិស័យទេសចរណ៍កើនឡើងខ្លាំង។

លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានឲ្យដឹងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២៦ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំនេះ ខេត្តកំពង់ឆ្នាំងបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបជិត ៦០ម៉ឺននាក់ ដែលបានមកលេងកំសាន្តនៅតាមប្រាសាទ ទីអារាម រមនីយដ្ឋានទេសចរណ៍ធម្មជាតិ និងកន្លែងកម្សាន្តផ្សេងៗទៀតក្នុងខេត្ត។

ការកើនឡើងនៃចំនួនភ្ញៀវទេសចរនេះ មិនត្រឹមតែ ជួយជំរុញសេដ្ឋកិច្ចក្នុងមូលដ្ឋាន តាមរយៈការលក់សេវាកម្ម និងផលិតផលប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងបង្ហាញពីការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទេស ចរណ៍របស់ខេត្តកាន់តែមានប្រសិទ្ធភាពផងដែរ។

មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានអំពាវនាវឱ្យអ្នកពាក់ព័ន្ធទាំងអស់ បន្តថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យ ដើម្បីឱ្យភ្ញៀវទេសចរទាំងអស់មានអារម្មណ៍រីករាយ និងមកទស្សនាខេត្តកំពង់ឆ្នាំងជាបន្តបន្ទាប់៕