ប៉ៃលិន៖ នៅថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០២៥ ទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្ត ប៉ៃលិន បាននាំយកស្បៀងអាហារដែលបានទទួលពីសប្បុរសជន ទៅឧបត្ថម្ភប្រជាការពារភូមិទូទាំងខេត្ត។ ការជួយឧបត្ថម្ភនេះមានគោល បំណងលើកទឹកចិត្ត និងគាំទ្រដល់កម្លាំងប្រជាការពារ ដែលកំពុងសហការជាមួយ កងកម្លាំងជួរមុខក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ នៅតាមមូលដ្ឋាន និងតាមខ្សែព្រំដែន ក្នុងស្ថានភាពប្រទេសជាតិកំពុងប្រឈមនឹងសង្គ្រាមឈ្លានពានពីប្រទេសថៃ។
លោកអ៊ី ឈាន បានបញ្ជាក់ថា ប្រជាការពារមានតួនាទីសំខាន់ក្នុងការពារសន្តិសុខសហ គមន៍ ដោយទប់ស្កាត់បទល្មើស ផ្សេងៗ ដូចជា អំពើចោរ ក្មេងទំនើង សំឡេងរំខាន និងគ្រឿងញៀន។ កម្លាំងប្រជាការពារអាចសហការជាមួយនគរបាលក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងតំបន់។
ក្រៅពីនេះ លោកក៏បានកោតសរសើរបងប្អូនប្រជាការពារភូមិ ដែលបានលះបង់ពេលវេលា កម្លាំង និងស្មារតី ដើម្បីធ្វើឱ្យភូមិឃុំមានសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ។
លោកបានសង្កត់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេច ហ៊ុន ម៉ាណែត ប្រទេសកម្ពុជាមានសន្តិភាព ស្ថិរភាព និងការពារសន្តិសុខប្រកបដោយប្រសិទ្ធភាព ដើម្បីធានាសុវត្ថិភាព និងសុខដុមរមនារបស់ប្រជាជន។
