នៅថ្ងៃទី៣០ សីហា ២០២៥ ក្នុងជំនួបទ្វេភាគីនៅទីក្រុងធានជីង ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានសន្យាផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជា ដើម្បីស្តារការខូចខាត និងជួយប្រជាពលរដ្ឋរងគ្រោះពីជម្លោះប្រដាប់អាវុធកាលពីខែកក្កដា។ លោកស៊ី បានស្វាគមន៍សម្តេចហ៊ុន ម៉ាណែត និងគណៈប្រតិភូកម្ពុជា ដែលចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ និងចាត់ទុកវត្តមានសម្តេចជាឱកាសពង្រឹងមិត្តភាពចិន-កម្ពុជា។
លោកស៊ី បានបញ្ជាក់ជំហរគាំទ្របទឈប់បាញ់នៅព្រំដែនកម្ពុជា-ថៃ គាំទ្រយន្តការអាស៊ានដឹកនាំដោយម៉ាឡេស៊ី និងជំរុញបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ សម្តេចហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចិនចំពោះការគាំទ្រការអភិវឌ្ឍ និងសម្របសម្រួលបទឈប់បាញ់ ដែលជួយការពារជីវិតប្រជាជន និងស្តារជីវភាព។
ភាគីទាំងពីរពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការលើនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍ និងការពារអធិបតេយ្យភាពកម្ពុជា។
