កំពង់ឆ្នាំង៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២៦ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦ ។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន អនុប្រធានអចិន្ត្រៃយ៍ លោក លោកស្រី ជាហេរញ្ញឹកលេខាធិការ សមាជិក សមាជិកា គណៈកម្មាធិការសាខា-អនុសាខា នាយិកា នាយករង និងមន្ត្រីក្រុមប្រតិបត្តិសាខា ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងក្នុងកិច្ចប្រជុំថា ឆ្នាំ២០២៥ សាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង បានខិតខំបំពេញការងារយ៉ាងសកម្ម ដោយផ្តោតលើការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះ ការផ្តល់សេវាសុខភាព ការបណ្តុះបណ្តាលអំពីគ្រោះមហន្តរាយ ការលើកកម្ពស់សុខភាព សហ គមន៍ និងការគាំពារជនងាយរងគ្រោះផ្សេងៗ។ លទ្ធផលដែលទទួលបាន គឺជាសមិទ្ធផលដ៏ធំធេង ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពងាយរងគ្រោះ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅក្នុងខេត្ត។
ឯកឧត្តមប្រធានសាខា ក៏បានណែនាំឱ្យគណៈ កម្មាធិការ និងមន្ត្រីទាំងអស់ត្រូវបន្តពង្រឹងកិច្ច សហ ប្រតិបត្តិការ ពង្រីកបណ្តាញសកម្មភាព និងបង្កើនប្រសិទ្ធភាពការងារ ដើម្បីឆ្លើយតបនឹងតម្រូវ ការរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ ជាពិសេសក្នុងឆ្នាំ២០២៦ ដែលត្រូវបន្តអនុវត្តផែន ការយ៉ាងម៉ត់ចត់ រួមទាំងការត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ។
