ដើម្បីពង្រឹងសេដ្ឋកិច្ច និងទប់ទល់នឹងឧបសគ្គនៃការនាំចេញទៅអាម៉េរិក ឥណ្ឌាបានសម្រេចកាត់បន្ថយពន្ធលើការប្រើប្រាស់ ដើម្បីជំរុញការចំណាយក្នុងស្រុក។

ឥណ្ឌា: នៅថ្ងៃទី ៣ ខែកញ្ញា រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌា Nirmala Sitharaman ប្រកាសកាត់បន្ថយអត្រាពន្ធទំនិញ និងសេវាកម្ម (GST) ចុះពី ៤ កម្រិត មកនៅត្រឹម ២ កម្រិត គឺ ៥% និង ១៨% ចាប់ពីថ្ងៃទី ២២ កញ្ញា មុនពេលបុណ្យ Sharad Navratri និង Diwali។ ទំនិញប្រើប្រាស់ជាច្រើន និងសេវាធានារ៉ាប់រងជីវិត/សុខភាព នឹងទទួលបានអត្រាពន្ធទាប ឬមិនត្រូវពន្ធ។ ផលិតផលប្រណីត ដូចជា រថយន្តថ្លៃ និងបារី នៅតែទទួលពន្ធពិសេស ៤០%។

វិធានការនេះ ជាផ្នែកនៃផែនការរបស់ នាយករដ្ឋមន្ត្រី នរិន្ទ្រា ម៉ូឌី ដើម្បីការពារសេដ្ឋកិច្ចពីផលប៉ះពាល់នៃពន្ធគយរបស់អាម៉េរិក។ កាលពីសីហា អាម៉េរិក ដាក់ពន្ធបន្ថែម ២៥% លើទំនិញឥណ្ឌា ព្រោះឥណ្ឌាបន្តទិញប្រេងពីរុស្ស៊ី។ បច្ចុប្បន្ន ពន្ធនាំចូលសរុបលើទំនិញឥណ្ឌាទៅអាម៉េរិកស្ថិតនៅ ៥០% ប៉ះពាល់ដល់ពាណិជ្ជកម្មប្រមាណ ៤៨.២ ពាន់លានដុល្លារ។

ដើម្បីបន្ថយផលប៉ះពាល់នេះ ឥណ្ឌាកំពុងពង្រីកទីផ្សារនាំចេញទៅអឺរ៉ុប អាមេរិក ឡាទីន អាហ្វ្រិក និងអាស៊ាន ព្រមទាំងចរចាជាមួយសហភាពអឺរ៉ុប និងពិចារណាផ្តល់កម្ចីអត្រាការប្រាក់ទាបសម្រាប់អ្នកនាំចេញ។