សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមបុណ្យទក្ខិណានុប្បទានជូនចំពោះវីរកងទ័ពខ្មែរដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ ការពារបូរណភាព

នៅវត្តរាជបូណ៌ ក្រុងសៀមរាប នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០២៥ បានរៀបចំពិធីបុណ្យទក្ខិណានុប្បទានដើម្បីជូនបុណ្យចំពោះវីរជនកងទ័ពខ្មែរគ្រប់លំដាប់ថ្នាក់ ដែលកំពុងបំពេញបេសកកម្មនៅសមរភូមិ និង ឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធវីវកងទ័ពដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិ ការពារបូរណភាពទឹកដី ក្នុងអំឡុងពេលនៃជម្លោះព្រំដែន កម្ពុជា-ថៃ ក្នុងការឧទ្ទិសមហាកុសលថ្វាយចំពោះព្រះមហាវីរក្សត្រខ្មែរគ្រប់ជំនាន់។ ពិធីបុណ្យទក្ខិណានុប្បទាន មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា អមដំណើរដោយលោកជំទាវ ខេង សំវ៉ាដា ប្រាក់ សុខុន សមាជិការដ្ឋសភា និង ជាអនុប្រធានគណៈកម្មការទី៧នៃរដ្ឋសភា ព្រមទាំងក្រុមការងារ និង មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណអភិបាលអភិបាលខេត្ត អស់ លោក លោកស្រី មន្ទីរអង្គភាព រួមទាំងព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទនិមន្តនិងអញ្ជើញចូលរួមប្រមាណជា ៧០០ អង្គ/នាក់ផងដែរ។

សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ក៏បានមានថេរដីកាសម្ដែងនូវការសោកស្តាយរកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះការបាត់បង់នូវវីរកងទ័ពកម្ពុជាដែលបានពលីជីវិតបូជាដើម្បីការពារព្រំដែនទឹកដីនិងអធិបតេយ្យ ភាពជាតិខ្មែរ ប្រកបដោយភាពអង់អាចក្លាហានក្រៃលែង។ ការពលីជីវិតរបស់វីរកងទ័ពកម្ពុជាយើងគឺជាការលះបង់ដ៏ធំធេង និងមានគុណបំណាច់មិនអាចកាត់ថ្លៃបាន ចំពោះជាតិកម្ពុជាទាំងមូល ដែលយើងត្រូវតែគោរព និងផ្តល់តម្លៃជាវីរបុរសពិតរបស់ជាតិ ប្រកបដោយកិត្តិយសជាអមតៈសម្រាប់ប្រវត្តិសាស្ត្រកម្ពុជា។ សម្តេចព្រះព្រហ្មរតនមុនី បានមានថេរដីកាបន្ថែមថា យើងពិតជាមានការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់វីរកងទ័ព ពោរពេញដោយឆន្ទៈ មនសិការ ស្មារតីក្លាហាន និងសេចក្តីស្មោះត្រង់ចំពោះជាតិ ដែលពួកគាត់បានសុខចិត្តយកទ្រូងពាំងគ្រាប់រំសេវនិងអាវុធគ្រប់ប្រភេទ ប្តូរយកសុខសន្តិភាពជូនប្រជាជនកម្ពុជាទាំងមូល ដែលយើងអាចសម្រានលក់ ហូបឆ្ងាញ់ ប្រកបដោយស្នាមញញឹម និងភាពកក់ក្តៅជាមួយក្រុមគ្រួសារ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា រួមជាមួយ ព្រះមន្ត្រីសង្ឃខេត្ត ព្រះសង្ឃនិង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោក លោកស្រីថ្នាក់នាំមន្ទីរអង្គភាពរួមនិង ពុទ្ធបរិស័ទទាំងអស់ ក៍បានសម្តែងការគោរពដឹងគុណជានិច្ចចំពោះពលីកម្មដ៏ធំធេងនេះ ហើយតាំងចិត្តចងចាំជានិច្ចនូវគំរូវីរភាពមិនអាចកាត់ថ្លៃបាននេះជារៀងរហូត និងសូមឧទ្ទិសផលបុណ្យទាំងឡាយជូនដល់វិញ្ញណក្ខន្ធអស់លោកវីរកងទ័ព សូមលោកបានបដិសន្ធិជាខ្មែរឡើងវិញកុំបីខាន ។ ការបាត់បង់នូវយោធិនស្នេហាជាតិដ៏បរិសុទ្ធ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្តបញ្ញាស្មារតី និង ធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស យុទ្ធមិត្តយើងបានរួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា។ យើងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យនិងវត្ថុសក្តិសិទ្ធិ សូមអភិបាលរក្សានិងឃុំគ្រងវីរកងទ័ពកម្ពុជា យើងដែលកំពុងសម្រាកព្យាបាលឱ្យឆាប់បានធូរស្បើយ និងសូមឱ្យវត្ថុសក្តិសិទ្ធិដូនតាខ្មែរ ជួយពាំងរាំងមុខកងទ័ពយើងឲ្យមានជោគជ័យនិងសុខសុវត្ថិភាពគ្រប់ពេលវេលា ។

នៅក្នុងពិធីបុណ្យទក្ខិណានុប្បទានដើម្បីជូនបុណ្យចំពោះវីរជនកងទ័ពខ្មែរគ្រប់លំដាប់ថ្នាក់ដែលកំពុងបំពេញបេសកកម្មនៅសមរភូមិ និងឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធវីវកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ ការពារបូរណភាពទឹកដី ក្នុងអំឡុងពេលនៃជម្លោះព្រំដែន កម្ពុជា-ថៃ និងឧទ្ទិសមហាកុសលថ្វាយចំពោះព្រះមហាវីរក្សត្រ ខ្មែរគ្រប់ជំនាន់នាពេលនោះដែរក៏មានការរៀបចំដាក់បាត្រព្រះសង្ឃ៥០០អង្គផងដែរ៕