កំពង់ឆ្នាំង ៖ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ សិប្បកម្មកែច្នៃប្រេងខ្មៅមួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិប៉ាហ៊ី ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបានក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ដឹកនាំដោយ លោក ជោ ថុល អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានចុះធ្វើការត្រួតពិនិត្យរកឃើញបានបញ្ចេញផ្សែង មិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស នាំឱ្យប៉ះពាល់បរិស្ថាននិងការរស់នៅរបស់ប្រជាពលរដ្ឋ។

ក្នុងការចុះត្រួតពិនិត្យនេះ ក្រុមការងារក្រសួងបរិស្ថានបានរកឃើញថា នៅខាងក្រៅសិប្បកម្ម មានក្លិនឈ្ងៀមប្រេងខ្មៅ ចេញពីទីតាំងសិប្បកម្ម។
ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋរស់នៅក្បែរតំបន់ប្រកាន់កែច្នៃប្រេងខ្មៅខាងលើនេះ បានលើកឡើងការព្រួយបារម្ភចំពោះសុខភាព ដែលបានប៉ះពាល់ពីបញ្ហាក្លិន ចេញពីសិប្បកម្មនេះដោយសិប្បកម្មខាងលើពុំមានប្រព័ន្ធចម្រោះផ្សែងនោះទេ។ យោងតាមការធ្វើតេស្តបឋមគុណភាពខ្យល់ ចេញពីបំពង់ផ្សែងឡសម្ងួត និងឡស្លប្រេងខ្មៅ ឃើញថាកម្រិតសារធាតុ SO2 លើសស្ដង់ដារ។
ប្រឈមនឹងបញ្ហាបរិស្ថានខេងលើ ក្រសួងបរិស្ថានបានចាត់វិធានការចំពោះមុខគឺ តម្រូវឱ្យសិប្បកម្មបញ្ឈប់ការបញ្ចេញផ្សែងជាបន្ទាន់ទោះរូបភាពណាក៏ដោយ។សិប្បកម្ម ត្រូវបំពាក់ប្រព័ន្ធចម្រោះសម្អាតផ្សែងចេញពីឡសម្ងួត និងឡស្លប្រេងខ្មៅ ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងអនុលោមតាមស្ដង់ដាកំណត់ និងត្រូវស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធ។
មួយថ្ងៃនេះផងដែរ ម្ចាស់សិប្បកម្ម ត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង ដាក់ជូនក្រសួងបរិស្ថានពិនិត្យ និងផ្ដល់យោបល់។
សិប្បកម្មខេងលើនេះ ត្រូវទទួលរងពិន័យអន្ដរការណ៍ យោងតាមក្រមបរិស្ថាន និងធនធានធម្មជាតិ មាត្រា១៥៦ មាត្រា១៦១ មាត្រា១៧៣ និងមាត្រា៦៦៨ និងអនុក្រឹត្យលេខ៤២ ស្ដីពីការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសំឡេង៕
