រូបភាពដែលយើងបានឃើញ និងសំឡេងយន្តហោះដែលហោះកាត់លើដំបូលផ្ទះនៅតំបន់ពោធិ៍ចិនតុង និងចោមចៅ នឹងបាត់ចាប់ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងត្រូវបិទទ្វាទាំងស្រុង ខណៈ: អាកាសយានដ្ឋានអន្តរជាតិតេជោ ចូលខ្លួនមកបម្រើសេវាអាកាសចរណ៍ជំនួស។
ព្រឹត្តិការណ៍នេះជាការសាទរចំពោះសមិទ្ធផលថ្មីរបស់កម្ពុជា ដែលមានអាកាសយានដ្ឋានថ្មី និងធំបំផុតនៅកម្ពុជា ប៉ុន្តែអវត្តមានរបស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបន្សល់នូវអនុស្សាវរីយ ដល់ពលរដ្ឋទាំងក្នុងប្រទេសនិងក្រៅប្រទេស ដំណើរដែលធ្លាប់ធ្វើដំណើរតាមអាកាសយានដ្ឋាននេះ និងអ្នកដែលរស់នៅជិតអាកាសយានដ្ឋាន។ ជាពិសេសអ្នករស់នៅតំបន់ជុំវិញអាកាសយានដ្ឋាន និងអ្នកដំណើរតាមផ្លូវសហព័ន្ធរុស្ស៊ី ដែលតែងឃើញ និងឮសំឡេងយន្តហោះជារៀងរាល់ថ្ងៃ មិនថាព្រឹក ឬយប់នោះទេ។
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដល់ពេលសម្រាកហើយ ក្រោយបំពេញបេសក កម្មក្នុងការផ្ដល់សេវាផ្នែកអាកាសចរណ៍អស់រយៈពេល៦៦ឆ្នាំ។ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងបញ្ចប់ប្រតិបត្តិការនៅម៉ោង១២៖០០យប់ ឈានចូលថ្ងៃទី៩ កញ្ញានេះ។
សូមរំលឹកផងដែរថាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានសាងសង់លើកដំបូងដោយបារាំង នៅឆ្នាំ១៩៥៧ និងសម្ពោធដាក់ឱ្យដំណើរការនៅឆ្នាំ១៩៥៩ដោយមាន ឈ្មោះដើមថា «អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង» ដែលមានផ្ទៃដីទំហំ៤០០ ហិកតា ត្រូវបានប្ដូរឈ្មោះពីអាកាសយានដ្ឋានពោធិ៍ចិនតុង មកជាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅឆ្នាំ២០០៣។
អាកាសយានដ្ឋានដ៏ចំណាស់ និងជាប្រវត្តិសាស្រ្តរបស់កម្ពុជាមួយនេះ បានបម្រើដល់ពលរដ្ឋ ទេសចរ និងវិនិយោគិនជាច្រើនឱ្យមកកម្សាន្ត និងវិនិយោគនៅទឹកដីសុវណ្ណភូមិមួយនេះ។ ជាពិសេសនាំឱ្យពលរដ្ឋខ្មែរនៅក្រៅប្រទេស អាចវិលត្រឡប់មកកម្ពុជាវិញ ក្រោយពីរបបប្រល័យពូជសាសន៍ប៉ុលពត។
តាមទិន្នន័យរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្នុងមួយឆ្នាំៗ អាកាស យានដ្ឋានអន្តរជាតិភ្នំពេញ អាចដឹកជញ្ជូនអ្នកដំណើរបានប្រមាណ ៦ ទៅ៧លាននាក់។ លើសពីនេះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានរួមចំណែកសម្រួលដល់ការដឹកទំនិញ និងការទូតជាដើម។ វត្តមានអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក៏បានបង្កើតចរន្តសេដ្ឋកិច្ចដល់ពលរដ្ឋរស់នៅជិតអាកាសយានដ្ឋាន តាមរយៈការលក់ដូរ និងបម្រើសេវាកម្មដឹកជញ្ជូនផងដែរ។
អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងចូលខ្លួនមកបម្រើសេវាអាកាសចរណ៍ជំនួសអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី៩ កញ្ញានេះ។ អាកាសយានដ្ឋានអន្តរជាតិកម្រិត 4Fតម្លៃជាង ១ ៥០០ លានដុល្លារនេះ មានចម្ងាយប្រមាណ២០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ តាមផែនការ អាកាសយានដ្ឋានស្ថិតនៅលើផ្ទៃដី ២ ៦០០ហិកតា ក្នុងទឹកដីខេត្តកណ្តាលមួយនេះ នឹងសម្ពោធជាផ្លូវការនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕