លោកស្រី ប៊ន សុភី ដឹកនាំតំណាងនារីមន្ទីរ អង្គភាពជុំវិញខេត្ត ចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រីឆ្នាំ២០២៦-២០៣០» តាមរយៈវីដេអូ Zoom

កំពង់ឆ្នាំៈ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំតំណាង នារីមន្ទីរ និងអង្គភាពជុំវិញខេត្ត ចូលរួមក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រីឆ្នាំ២០២៦-២០៣០» ដែលបានរៀបចំឡើងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវកត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី។

ពិធីបានប្រព្រឹត្តទៅតាមប្រព័ន្ធ Zoom នៅសាល ក១ រដ្ឋបាលខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនេះ លោកស្រី ប៊ន សុភី បានមានប្រសាសន៍គាំទ្រយ៉ាងខ្លាំងចំពោះកម្មវិធីនេះ ដោយមើលឃើញថាជាឱកាសដ៏សំខាន់មួយក្នុងការលើកកម្ពស់សមត្ថភាព និងភាពជាអ្នកដឹកនាំរបស់ក្មេងស្រីនៅកម្ពុជា។

គោលបំណងសំខាន់នៃកម្មវិធីនេះ គឺដើម្បីបង្កើតកម្លាំងរួមក្នុងការអនុវត្តកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ព្រមទាំងលើកកម្ពស់ការចូលរួមពីដៃគូ និងអ្នកពាក់ព័ន្ធគ្រប់ជាន់ថ្នាក់។ កម្មវិធីក៏មានគោលដៅបង្កើតបរិយា កាសអំណោយផល និងប្រកបដោយបរិយាបន្ន ដើម្បី ឱ្យក្មេងស្រីទទួលបាននូវការបណ្តុះបណ្តាល និងអភិ វឌ្ឍន៍ភាពជាអ្នកដឹកនាំ ក្លាយជាមូលធនមនុស្សដ៏មានតម្លៃ និងពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់។

កម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រីឆ្នាំ២០២៦- ២០៣០ ត្រូវបានរំពឹងថា នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ស្មើភាពយែន្ឌ័រ និងការអភិវឌ្ឍន៍មនុស្សយុវវ័យនៅកម្ពុជា។