Reuters បានចេញផសាយថា៖ កាលពីថ្ងៃសុក្រ ទី១២ ខែកញ្ញា អតីតប្រធានតុលាការកំពូលនេប៉ាល់ លោកស្រី Sushila Karki បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីស្តីទី ក្លាយជាមេដឹកនាំស្រីដំបូងបំផុតក្នុងប្រវត្តិសាស្រ្តប្រទេសអាស៊ីខាងត្បូងមួយនេះ បន្ទាប់ពីបាតុកម្មប្រឆាំងអំពើពុករលួយ បានផ្ទុះឡើងយ៉ាងកក្រើក រហូតបង្ខំឱ្យលោក K.P. Sharma Oli ចុះចេញពីតំណែងនាយករដ្ឋមន្រ្តី។
លោកស្រីKarkiត្រូវបានតែងតាំងជានាយក រដ្ឋមន្រ្តីបណ្តោះអាសន្ន ដោយប្រធានាធិបតីនេប៉ាល់ លោក Ramchandra Paudel បន្ទាប់ពីការចរចាគ្នារវាងលោក Paudel, ប្រមុខកងទ័ពជើងគោក លោក Ashok Raj Sigdel ហើយនិងក្រុមបាតុករ។
តាមរយៈការឡើងកាន់តំណែងនេះ លោកស្រី Karki មានភារកិច្ចត្រូវរៀបចំចាត់ចែង ឱ្យមានការបោះឆ្នោតសកលសាជាថ្មី នៅត្រឹមថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។លោកស្រី ត្រូវបានរំពឹងថា នឹងតែងតាំងរដ្ឋមន្រ្តីក្នុងរដ្ឋា ភិបាលរបស់លោកស្រី ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។
គួររម្លឹកថាមនុស្សសរុប៥១នាក់បានបាត់បង់ ជីវិត និងជាង១៣០០នាក់ បានរងរបួស ក្នុងសប្តាហ៍នេះ អំឡុងបាតុកម្មប្រឆាំងអំពើពុករលួយ ដែលដឹកនាំដោយចលនាក្រុមយុវ ជន។ អំពើហិង្សាបានថយចុះកម្តៅទៅវិញ បន្ទាប់ពីលោក Oli លាលែងពីតំណែងកាលពីថ្ងៃអង្គារ។
លោកស្រី Karki បានក្លាយជាជម្រើសដែលក្រុមបាតុករចង់ឱ្យក្លាយជាមេដឹកនាំបណ្តោះអាសន្ន ដោយសារពួកគេធ្លាប់បានមើលឃើញថា លោកស្រីជាបុគ្គលប្រកាន់មុតមាំនូវភាពស្មោះត្រង់ និងសុចរិតភាព ជាពិសេសជំហររបស់លោកស្រី ប្រឆាំងនឹងអំពើពុករលួយ។ លោកស្រី Karki ធ្លាប់កាន់តំណែងជាប្រធានតុលាការកំពូល នេប៉ាល់ បានរយៈពេលប្រមាណជា១ឆ្នាំ គឺដល់ពាក់កណ្តាលឆ្នាំ២០១៧៕
