ករណីចរាចរណ៍ រថយន្តបុកបន្តគ្នា៣គ្រឿងលើផ្លូវជាតិលេខ៦ របួសធ្ងន់២នាក់ និងស្រាល១នាក់ ក្នុងស្រុកតាំងគោក
កំពង់ធំ៖ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យសង្វេគបានកើត ឡើងនៅវេលាម៉ោង៥និង៤៥នាទីព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុច ភូមិ កំញ៉ាត ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ តាមបណ្តោយផ្លូវជាតិលេខ៦។
ប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញចរាចរណ៍បានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តយីឌុបដឹកស្រូវមួយគ្រឿង មិនច្បាស់ស្លាកលេខ បានចតនៅខាងស្តាំដងផ្លូវដោយគ្មានផ្លាកសញ្ញាព្រមាន។
លុះដល់វេលាកើតហេតុ រថយន្តម៉ាក Toyota Prius ពណ៌ ស មិនច្បាស់ស្លាកលេខ ធ្វើដំណើរ ពីជើងមកត្បូង បានព្យា យាម គេចពីគោយន្តកន្ត្រៃយឺតៗមួយគ្រឿង បណ្តាលឱ្យជ្រុលចង្កូតទៅបុកជាមួយរថយន្តយីឌុបដឹកស្រូវខាងមុខយ៉ាងពេញទំហឹង។
ភ្លាមនោះ រថយន្តម៉ាក Avanza ពណ៌សមួយគ្រឿងទៀត ដែលធ្វើដំណើរមកពីក្រោយក្នុងទិសដៅដូចគ្នា មិនអាចចាប់ហ្វ្រាំងទាន់ ក៏បុកបន្តជាមួយរថយន្ត Prius ម្តងទៀត។
រថយន្ត Toyota Prius ខូចធ្ងន់ខ្ទេចផ្នែកខាងមុខទាំងស្រុងរថយន្ត Avanza ខូចធ្ងន់ផ្នែកខាងមុខ រថយន្តយីឌុបដឹកស្រូវត្រូវរងការខូចខាតផងដែរ។
ចំពោះជនរងគ្រោះ នៅក្នុងរថយន្ត Prius មានអ្នកជិះ២នាក់ ជនជាតិខ្មែរ១នាក់ និងជនជាតិ ចិន១នាក់ រងរបួសធ្ងន់សន្លប់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ។
អ្នកបើកបររថយន្ត Avanza ជាបុរសខ្មែរ១នាក់ របួសស្រាលក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចចរាចរណ៍ខេត្តកំពង់ធំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រុកតាំងគោក បានចុះដល់កន្លែងកើតហេតុដើម្បី សម្រួលចរាចរណ៍ និងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យជាបន្ទាន់។
គូបញ្ជាក់ផងដែរថាករណីខាងលើយោងតាមរបាយការណ៍សមត្ថកិច្ចខាងលើស្ថិតក្នុងមូលហេតុនៅដំណាក់កាលស៊ើប អង្កេតបន្ត៕
