សិក្ខាសាលាផ្សព្វផ្សាយការពង្រឹងភាពជាដៃគូរវាងរដ្ឋនិងឯកជន សម្រាប់អភិវឌ្ឍន៍ជំនាញក្នុងកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងតម្រូវការជំនាញ

កំពង់ឆ្នាំង៖ សិក្ខាសាលាផ្សព្វផ្សាយការពង្រឹងភាពជាដៃគូរវាងរដ្ឋនិងឯកជន សម្រាប់អភិវឌ្ឍន៍ជំនាញក្នុងកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) និងតម្រូវការជំនាញ បានរៀបចំឡើងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង។

សិក្ខាសាលានេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង និងលោកស្រី ឈាន សៀវឈឿន នាយកអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេស កម្ពុជាលោក លី ចន្ទរិទ្ធ នាយកវិទ្យាស្ថានពហុបច្ចេក ទេសខេត្តកំពង់ឆ្នាំង តំណាងអង្គការដៃគូអភិវឌ្ឍន៍ តំណាងវិស័យឯកជន រួមទាំងរោងចក្រ និងសហគ្រាសនានាផងដែរ។

លោកស្រី ឈាន សៀវឈឿន បានថ្លែងថា វិស័យឯកជនមិនត្រឹមតែជានិយោជកសំខាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដៃគូសំខាន់ក្នុងការកែលម្អប្រព័ន្ធបណ្តុះបណ្តាលជំនាញផងដែរ។ លោកស្រីបានបញ្ជាក់ថា ក្រុមហ៊ុននាំមកនូវចំណេះដឹងថ្មីៗ អំពីតម្រូវការឧស្សាហកម្ម បច្ចេក វិទ្យា និងអនុវត្តការងារ។ នៅពេលមានការចូលរួមយ៉ាងមានប្រសិទ្ធភាព វិស័យឯកជនអាចរួមចំណែកក្នុងការអភិវឌ្ឍកម្មវិធីសិក្សា ផ្តល់ឱកាសបណ្តុះបណ្តាលអនុវត្តជាក់ស្តែង គាំទ្រកម្មវិធីសិក្សាអាជីព និងជួយសម្របសម្រួលការដាក់ការងារ។

លោកស្រីបានគូសបញ្ជាក់ទៀតថា ក្នុងបរិបទកម្ពុជា ការសិក្សាតម្រូវការជំនាញមានតួនាទីយុទ្ធសាស្ត្រសំខាន់ ក្នុងការគាំទ្រការអនុវត្តអាទិភាពអភិវឌ្ឍន៍ជាតិ និងការកែលម្អប្រព័ន្ធ TVET។ នៅពេលប្រទេសកំពុងបំលែងរចនាសម្ព័ន្ធឧស្សាហកម្ម និងចូលរួមខ្សែសង្វាក់តម្លៃសកល ការសិក្សានេះនឹងផ្តល់ភស្តុតាងសំខាន់សម្រាប់ការសម្របសម្រួលអភិវឌ្ឍជំនាញជាមួយយុទ្ធសាស្ត្រជាតិ រួមទាំងការអភិវឌ្ឍធនធានមនុស្ស គោលនយោបាយឧស្សាហកម្ម និងការលើកកម្ពស់ការងារ។

លោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍បើកសិក្ខាសាលាថា កិច្ចសន្ទនានេះរៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហ ការរវាងវិទ្យាស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ជាមួយសហគ្រាស និងក្រុមហ៊ុនឯកជន តាមរយៈការពង្រឹងភាពជាដៃគូរវាងរដ្ឋនិងឯកជន។ លោកបានបន្តថា គោលបំណងសំខាន់គឺលើកកម្ពស់ការអភិវឌ្ឍជំនាញដែលវិស័យឧស្សាហកម្មត្រូវការ និងបង្កើនឱកាសទទួលបានការងារសម្រាប់យុវជន។

លោកអភិបាលរងបានបញ្ជាក់ទៀតថា គោល បំណងនៃកិច្ចសន្ទនាពេលនេះ គឺជំរុញកិច្ចសន្ទនា និងការសម្របសម្រួលរវាងវិទ្យាស្ថានពហុបច្ចេក ទេសខេត្តកំពង់ឆ្នាំង និងសហគ្រាស ក្រុមហ៊ុនឯកជន ក្នុងការរៀបចំគំរូភាពជាដៃគូជាក់ស្តែង ដូចជាការបណ្តុះបណ្តាលនៅកន្លែងការងារ និងចុះហាត់ការ។

ក្នុងសិក្ខាសាលា បានពិភាក្សាផ្លាស់ប្តូរយោបល់អំពីភាពឆ្លើយតបនៃកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ទៅនឹងតម្រូវការជំនាញបច្ចុប្បន្ន និងអនាគតសម្រាប់វិស័យឯកជន រួមទាំងការឯកភាពលើសកម្មភាពអាទិភាព តួនាទី និងការទទួលខុសត្រូវ ដើម្បីពង្រឹងភាពជាដៃគូរវាងរដ្ឋនិងឯកជន ក្នុងការផ្តល់ការងារដល់យុវជននៅថ្នាក់ខេត្ត។

លោក ឈឹម វុទ្ធា បានលើកទឹកចិត្តឱ្យការពិភាក្សាប្រព្រឹត្តទៅដោយស្មារតីបើកចំហ ស្មោះត្រង់ ស្ថាបនា និងផ្តោតលើដំណោះស្រាយជាក់ស្តែង។ លោកបានបញ្ជាក់ថា មតិយោបល់ និងអនុសាសន៍ដែលទទួលបានពីសិក្ខាសាលានេះ នឹងក្លាយជាមូលដ្ឋានសំខាន់សម្រាប់ការកំណត់ទិស ដៅបន្ត ការរៀបចំផែនការ និងការអនុវត្តកិច្ចសហប្រតិបត្តិការរួមនាពេលអនាគត។