គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ វិស័យអប់រំ ចុះវាយតម្លៃសាលាបឋមសិក្សាគិរីសុវណ្ណវង្ស ដើម្បីក្លាយជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ប្រចាំឆ្នាំ២០២៥

កំពង់ឆ្នាំង៖ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ វិស័យអប់រំ ដឹកនាំដោយ ឯកឧត្តម ឆាយ ឆត្រាវុធ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានប្រតិភូ បានចុះធ្វើការវាយតម្លៃនៅទីតាំងជាក់ស្តែងរបស់សាលា បឋមសិក្សាគិរីសុវណ្ណវង្ស ស្ថិតនៅឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ដើម្បីពិនិត្យ និងវាយតម្លៃគុណភាពការផ្តល់សេវាសាធារណៈ សម្រាប់ការជ្រើស រើសឱ្យក្លាយជាអង្គភាពផ្តល់សេវាសាធារណៈគំរូវិស័យអប់រំ ប្រចាំឆ្នាំ២០២៥។

អញ្ជើញចូលរួមក្នុងកម្មវិធីបដិសណ្ឋារកិច្ចនាឱកាសនោះ មានលោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង រួមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ និងតំណាងសហគមន៍មូលដ្ឋានជាច្រើនផងដែរ។

ឯកឧត្តម ឆាយ ឆត្រាវុធ បានមានប្រសាសន៍ថា ការចុះវាយតម្លៃនេះ គឺជាផ្នែកមួយនៃការអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់គុណភាពសេវាសាធារណៈ ជាពិសេសក្នុងវិស័យអប់រំ ដើម្បីធានាថា សាលារៀននានាផ្តល់សេវាបានល្អ និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបានបញ្ជាក់ថា សាលាបឋមសិក្សាគិរីសុវណ្ណវង្ស គឺជាគំរូដ៏ល្អមួយ ដែលមានការរៀបចំប្រព័ន្ធគ្រប់គ្រង ហេដ្ឋារចនាសម្ព័ន្ធ ការបង្រៀន និងការចូលរួមពីសហគមន៍យ៉ាងសកម្ម។

ក្នុងឱកាសនោះ គណៈកម្មការបានពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធរបស់សាលា រួមទាំងថ្នាក់រៀន បណ្ណាល័យ ទីតាំងកីឡា ប្រព័ន្ធទឹកស្អាត និងការគ្រប់គ្រងឯកសារ ព្រមទាំងស្តាប់របាយការណ៍ពីលោកគ្រូ អ្នកគ្រូ និងតំណាងមាតាបិតា សិស្សានុ សិស្ស។ លទ្ធផលវាយតម្លៃនឹងត្រូវបានចងក្រង និងសម្រេចជាផ្លូវការនៅពេលក្រោយ។

លោក យិន សាវ៉េន បានថ្លែងអំណរគុណចំពោះគណៈកម្មការ និងបានគូសបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ឆ្នាំង នឹងបន្តគាំទ្រ និងលើកទឹកចិត្តដល់អង្គភាពអប់រំទាំងអស់ ឱ្យខិតខំកែលម្អសេវាបន្ថែមទៀត ដើម្បីឈានទៅក្លាយជាគំរូជាតិ។

សាលាបឋមសិក្សាគិរីសុវណ្ណវង្ស ត្រូវបានគេវាយតម្លៃខ្ពស់ក្នុងការអនុវត្តកម្មវិធីអប់រំ និងការចូលរួមរបស់សហគមន៍ដែលជាកត្តាសំខាន់ក្នុងការជ្រើស រើសឱ្យក្លាយជាអង្គភាពផ្តល់សេវាសាធារណៈគំរូ។

ការវាយតម្លៃនេះ គឺជាផ្នែកមួយនៃយុទ្ធនាការជាតិ ក្នុងការលើកកម្ពស់ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និងប្រសិទ្ធភាព របស់រាជរដ្ឋាភិបាលកម្ពុជា។