ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់៨គ្រួសារ ក្នុងស្រុកចំការលើ ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានចាត់ ឯកឧត្តម ទូច ឆៃ នាយកសាខា រួមជាមួយមន្ត្រីអនុសាខាស្រុក ក្រុមកាក បាទក្រហមឃុំ និងអ្នកស្ម័គ្រចិត្តភូមិ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៨គ្រួសារ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តម ទូច ឆៃ បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីអាណិតអាសូរពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខប្រជាពលរដ្ឋរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយ ស្របតាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។

អំណោយមនុស្សធម៌ដែលបានផ្តល់ជូនពលរដ្ឋរងគ្រោះទាំង ៨គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, និងឃីត ១សម្រាប់។ ចំណែកថវិកាផ្តល់ជូនតាមកម្រិតការខូចខាតជាក់ស្តែង ពី ១០០,០០០រៀល ដល់ ៤០០,០០០រៀល។

ឯកឧត្តមក៍បានបានអំពាវនាវដល់ប្រជាពល រដ្ឋទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះបាតុ ភូតអាកាសធាតុដូចជា ភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដោយត្រូវពិនិត្យរកកន្លែងធានាសុវត្ថិភាព ព្រមទាំងអនុវត្តវិធានការអនាម័យស្អាត ៣យ៉ាង ថែទាំសុខភាព និងសម្អាតលំនៅដ្ឋាន ដើម្បីជៀស ផុតពីជំងឺ និងពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។

សូមរម្លឹកថា៖កាលពីថ្ងៃទី១៩ ខែមេសាវេលាម៉ោង ប្រហែល ៦ល្ងាច មានភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់បក់គួចយ៉ាងខ្លាំង ធ្វើឱ្យផ្ទះចំនួន ៨ ខ្នង ស្ថិតនៅភូមិត្រពាំងឈូក ឃុំតាអុង និងភូមិប្រសើរ ឃុំបុសខ្នុរ ស្រុកចំការលើ ត្រូវបានរបើកដំបូលសង្កសី ក្នុងនោះរងផលប៉ះពាល់កម្រិតធ្ងន់ចំនួន ៣គ្រួសារ និងកម្រិតស្រាលចំនួន ៥គ្រួសារ៕