ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញជាធិបតីពិធី កាត់ឫសសីមាព្រះវិហារ និងកាត់ខ្សែបូរសម្ពោធឆ្លងសមិទ្ធិផលនានាវត្តព្រះធាតុឆ្វេង ក្នុងឃុំពង្រ ស្រុករលាប្អៀរ

កំពង់ឆ្នាំង÷ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ធាភិ បាលចុះមូលដ្ធានខេត្តកំពង់ឆ្នាំង អញ្ជើញជាធិបតីពិធីកាត់ឫសសីមាព្រះវិហារ និងកាត់ខ្សែបូរ សម្ពោធឆ្លងសមិទ្ធិផលនានាវត្តព្រះធាតុឆ្វេង ស្ថិតក្នុងឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវសមាជិកព្រឹទ្ធសភា ប្រតិភូអមដំណើរ និងឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត លោក យិន សាវ៉េន អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស រួមនិងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ។

បន្ទាប់ពីលោក យិន សាវ៉េន អភិបាលរងខេត្តឡើងធ្វើរបាយការណ៍ស្តីពីការកសាងសមទ្ធិផលនានាក្នុងវត្តព្រះធាតុឆ្វេងរួចមក មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអបអរសាទរ កោតសរសើរ និងថ្លែងអំណរព្រះគុណ និងអរគុណ យ៉ាងជ្រាលជ្រៅចំពោះព្រះចៅអធិការវត្តព្រះធាតុឆ្វេង និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ គណៈកម្មការវត្ត សប្បុ រសជន ពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានខិតខំលះបង់យកអស់កម្លាំង កាយចិត្ត ប្រាជ្ញាស្មារតី និងកៀរគរធនធានថវិកា ក្នុងការជួសជុល និងកសាងស្ថាបនា វត្តព្រះធាតុឆ្វេង រហូតសម្រេចបាននូវសមិទ្ធផល គួរជាទីមោទនៈខាងលើ ដែលជាការចូលរួមដ៏ឧត្តុង្គឧត្តម ក្នុងការអភិវឌ្ឍវិស័យពុទ្ធចក្រ ឱ្យកាន់តែមានការរីកចម្រើន។

ឯកឧត្តមបណ្ឌិតបានបន្តថា វត្តអារាមរបស់ព្រះពុទ្ធសាសនា មានតួនាទីយ៉ាងសំខាន់សម្រាប់សង្គមខ្មែរ។ ទីវត្តអារាម ជាកន្លែងសម្រាប់អប់រំចិត្ត គោរពបូជាតាមផ្លូវជំនឿសាសនា និងជាថ្នាលបណ្តុះបណ្តាលនូវចំណេះដឹង ជាថ្នាលបណ្តុះនិងថែរក្សានូវគម្ពីរក្បួនច្បាប់ អក្សរសាស្ត្រ ទំនៀមទម្លាប់ វប្បធម៌ ប្រពៃណី តម្លៃសីលធម៌ និងធនធានមនុស្សខាងបញ្ញាស្មារតី តាមផ្លូវពុទ្ធចក្រ និងអាណាចក្រ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតបានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រជាពុទ្ធបរិស័ទទាំងអស់ នាំគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គមដែលកំពុងទទួលបាននាពេលនេះឱ្យបានគង់វង្ស សន្តិភាព និងការអភិវឌ្ឍដែលកើតចេញពីស្នាដៃដឹកនាំរបស់រាជរដ្ឋាភិបា លកម្ពុជា ។