កំពង់ឆ្នាំង៖ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូន ក៏ដូចជាកម្លាំងអធិការដ្ឋាននគរបាលក្រុង/ស្រុក និង ប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីអនុវត្តតាមអនុសាសន៍របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងទិសដៅការងាររបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ចុះអប់រំ និងផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក រួមទាំងអនុក្រឹត្យលេខ៣៩ អនក្រ.បក (ដែលជាការកែសម្រួលអនុក្រឹត្យលេខ៤៤ ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ចរាចរណ៍) ដល់លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ។
សកម្មភាពបានធ្វើឡើងនៅសាលារៀនចំនួន ២កន្លែងគឺ៖សាលាអនុវិទ្យាល័យជើងគ្រាវ ស្ថិតក្នុងភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ មានអ្នកចូលរួមសរុប៤១៧នាក់ (ស្រី១៨៦នាក់) ដោយបានបិទចំណាំងផ្លាកលើគោយន្តកន្រ្តៃយ៍ ចំនួន៦៣គ្រឿង។ ចែកខិតប័ណ្ណ និងសៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ និងសាលាវិទ្យា ល័យ ហ៊ុន សែន កំពង់លែង ស្ថិតក្នុង ភូមិកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង ដោយបានអប់រំផ្សព្វផ្សាយដល់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស មានអ្នកចូលរួមសរុប១,២៦១ នាក់ ស្រី៦៦០នាក់។
សកម្មភាពនេះជាផ្នែកមួយនៃការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដែលនគរបាលជាតិបានប្រកាសឡើងវិញចាប់ពីខែកុម្ភៈ ២០២៦ តទៅ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សុវត្ថិភាព ជាពិសេសក្នុងចំណោមសិស្ស និងប្រជាពលរដ្ឋ។ វាបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំនគរបាលក្នុងការអប់រំសហគមន៍ និងអនុវត្តវិធានការជាក់ស្តែងដូចជាការត្រួតពិនិត្យ យានយន្ត។
