ភ្នំពេញ៖ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជ សារលិខិត និងព្រះរាជទ្រព្យសរុបចំនួន ១០០,០០០ ដុល្លារសហរដ្ឋអាម៉េរិក (ព្រះករុណា ៥០,០០០ ដុល្លារ និងសម្តេចព្រះមហាក្សត្រី ៥០,០០០ ដុល្លារ) ជូនកាកបាទក្រហមកម្ពុជា។
ការប្រទានព្រះរាជទានដ៏ឧត្តុង្គឧត្តមនេះ ធ្វើឡើងក្នុងឱកាសខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។ ព្រះរាជសារលិខិត និងព្រះរាជទ្រព្យនេះ បង្ហាញពីព្រះរាជហឫទ័យដ៏ធំធេងរបស់ព្រះអង្គទាំងទ្វេ ចំពោះសកម្មភាពមនុស្សធម៌ និងការជួយជ្រោមជ្រែងដល់ប្រជាពលរដ្ឋងាយរងគ្រោះ។
ព្រះរាជទ្រព្យ និងព្រះរាជសារលិខិតដ៏មានតម្លៃនេះ ត្រូវបានសម្តេចមហាមន្ត្រី គុយ សុផល ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង យកមកប្រគល់ជូនកាកបាទក្រហមកម្ពុជា តំណាងដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦។
កាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះរាជទានដ៏មានតម្លៃនេះដែល នឹងត្រូវបានប្រើប្រាស់ដើម្បីគាំទ្រសកម្មភាពមនុស្សធម៌ផ្សេងៗ រួមទាំងការជួយជនរងគ្រោះ ការផ្តល់សេវាសុខភាព និងការឆ្លើយតបនឹងគ្រោះមហន្តរាយ។ ការប្រទានព្រះរាជទាននេះ ជាការលើកទឹកចិត្តដ៏ខ្លាំងក្លាដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការលើកកម្ពស់មនុស្សធម៌នៅកម្ពុជា។
