ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ ឱ្យចូលរួមលេងល្បែងប្រជាប្រិយ និងប្រពៃណីខ្មែរឱ្យបានផុលផុសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តទៅក្នុង រយៈពេលប្រមាណ ៤០ ថ្ងៃខាងមុខ។

សម្តេចបានសង្កត់ធ្ងន់ថា កាលពីប៉ុន្មានឆ្នាំមុន ពល រដ្ឋខ្មែរមិនសូវនិយមលេងសកម្មភាពបាញ់ទឹក ឬប៉ាតម្សៅប៉ុន្មានទេ ដោយផ្តោតទៅលើល្បែងប្រជាប្រិយ និងសកម្មភាពប្រពៃណីផ្សេងៗ។ ដូច្នេះ សម្តេចបានអំពាវនាវឱ្យផ្អាក ឬកាត់បន្ថយសកម្មភាពទាំងនេះ ដើម្បីបំផុសប្រពៃណីវប្បធម៌ជាតិ។
សម្តេចបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «សកម្មភាពមួយចំនួនមិនគួរកើតមានទេ អាបាញ់ទឹកបាញ់អីហ្នឹង! អាបាញ់ឡានទឹកអីហ្នឹងទុកទៅ តាមខេត្តនីមួយៗទុកឡានបាញ់ទឹកហ្នឹងពន្លត់អគ្គីភ័យ ហើយមើល…ត្រៀមលក្ខណៈជាពិសេស មិនមែននិយាយលេងសើសទេ រឿងអគ្គីភ័យហ្នឹង គ្រោះថ្នាក់ច្រើនណាស់ ត្រូវយកចិត្តទុកដាក់ បាញ់សាប៊ូ បាញ់ទឹកអីកុំ!»។

សម្តេចបានគូសបញ្ជាក់បន្ថែមថា៖ «ប៉ាតម្សៅអីៗហ្នឹងទុកសិនទៅ សប្បាយដូចតែគ្នាទេ មិនបាច់មានអាកាំភ្លើងបាញ់ទឹកហ្នឹងទេ! បំផុសប្រពៃណីវប្បធម៌ សកម្មភាពជាច្រើនផ្សេងទៀតដែលមាន ដើម្បីឱ្យខេត្តនីមួយៗមានសកម្មភាព… សកម្មភាពខ្លះគួរមិនបាច់មានទេឆ្នាំនេះ បំផុសរឿងវប្បធម៌សិល្បៈឱ្យច្រើន ការចូលរួមអីផ្សេងៗរឿងប្រពៃណី»។

លើសពីនេះ សម្តេចបានបញ្ជាក់ពីសារៈសំខាន់នៃការរក្សាសាមគ្គីភាព និងការគ្រប់គ្រងក្រុមក្មេងទំនើង ដើម្បីកុំឱ្យបង្កភាពភ័យខ្លាច ឬប៉ះពាល់ដល់សុវត្ថិភាព និងអាយុជីវិតរបស់ពលរដ្ឋ។
ទាក់ទងនឹងការរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» សម្តេចបានបញ្ជាក់ច្បាស់ថា ការរៀបចំនេះមិនមែនដើម្បីបង្វែរប្រជាជនឱ្យភ្លេចពីទង្វើឈ្លាន ពាន ការលំបាករបស់វីរកងទ័ព និងជនភៀសសឹកនោះទេ ប៉ុន្តែជាការបង្ហាញពីភាពធន់ សាមគ្គីភាព និងការជំរុញសេដ្ឋកិច្ច វប្បធម៌ សាសនា ឆ្ពោះទៅ មុខ។ សម្តេចបានអះអាងថា រាជរដ្ឋាភិបាលមិនបោះបង់ចោលកាតព្វកិច្ចការពារទឹកដី ឬភ្លេចជន ភៀសសឹក និងយោធិនឡើយ ប៉ុន្តែព្រឹត្តិការណ៍ទាំងនេះគឺដើម្បីបង្ហាញពីកម្លាំងសាមគ្គីភាពជាតិ។
សម្តេចបានណែនាំឱ្យរាជធានី-ខេត្តនានា ជំរុញរៀបចំសកម្មភាពវប្បធម៌ សិល្បៈ និងល្បែងប្រជា ប្រិយនៅតាមមូលដ្ឋាន ដើម្បីឱ្យបុណ្យចូលឆ្នាំឆ្នាំនេះ មានភាពសប្បាយរីករាយ សុវត្ថិភាព និងរក្សាបាននូវអត្តសញ្ញាណជាតិខ្មែរ។
