លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាវត្តមានដ៏ខ្ពង់ខ្ពស់ ចុះសួរសុខទុក្ខ និងប្រគល់ផ្ទះថ្មីជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី ដែលរស់នៅក្នុងមូលដ្ឋានខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាវត្តមានដ៏ខ្ពង់ខ្ពស់ ប្រគល់ផ្ទះថ្មីជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី ដែលរស់នៅក្នុងមូលដ្ឋានខេត្តកំពង់ឆ្នាំង។

ពិធីនេះបានធ្វើឡើងក្នុងបរិយាកាសពោរពេញដោយអារម្មណ៍គោរព និងក្តីសោកស្តាយ។ លោកជំទាវបណ្ឌិតបានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត ព្រមទាំងប្រសាសន៍សួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសព។

ទន្ទឹមនឹងការប្រគល់ផ្ទះថ្មី លោកជំទាវបណ្ឌិតក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ រួមមានថវិកា សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងគ្រឿងឧបភោគបរិភោគជាច្រើន ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ក្រុមគ្រួសារ។

នេះជាសកម្មភាពបានបញ្ជាក់ពីការចងចាំជារៀងរហូតនូវវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ព ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីការពារបូរណភាពទឹកដី និងរក្សាសន្តិភាពជូនជាតិមាតុភូមិ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី បានដាក់ចេញគោលនយោបាយ និងយន្តការជាច្រើនដើម្បីជួយគាំទ្រក្រុមគ្រួសារវីរយុទ្ធជនពលី រួមមានការផ្តល់មុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ ការផ្តល់អាហារូបករណ៍សិក្សាកម្រិតបរិញ្ញាបត្រដល់កូនៗ ការរៀបចំឥណទានសងជាថ្មី ការដោះស្រាយបំណុលសម្រាប់វីរយុទ្ធជនក្នុងសមរភូមិ និងការគិតគូរបង្កើតមូលនិធិជួយទ្រទ្រង់ក្រុមគ្រួសារទាំងនេះ។

បន្ថែមពីនេះ រាជរដ្ឋាភិបាលក៏បាននិងកំពុងជួយសម្របសម្រួលឱ្យជនភៀសសឹកត្រឡប់ទៅផ្ទះសំបែងវិញ ជួយដោះស្រាយហេដ្ឋារចនាសម្ព័ន្ធ បោសសម្អាតអាវុធ គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ព្រមទាំងស្តារជីវភាពរស់នៅប្រចាំថ្ងៃឡើងវិញផងដែរ។