កំពង់ឆ្នាំងៈនៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង រៀបចំកិច្ចប្រជុំពិភាក្សាសំខាន់មួយស្តីពី កត្តាប្រឈមនានា តម្រូវការអាទិភាព និងឱកាសក្នុងការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព ដំណោះស្រាយតាមបែបធម្មជាតិ និងលំហបៃតង ក្នុងខេត្តកំពង់ឆ្នាំង។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តម ម៉ៅ ក្រឹង អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា និងលោក យ៉ង ភិរម្យ អភិបាលរងខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធនានា ការិយាល័យចំណុះសាលាខេត្ត ព្រមទាំងតំណាងអង្គការដៃគូផងដែរ។
ប្រធានបទសំខាន់ផ្តោតលើការពិភាក្សាលម្អិតអំពីបញ្ហាប្រឈមដែលកំពុងជួបប្រទះ តម្រូវការអាទិ ភាពដែលត្រូវដោះស្រាយជាបន្ទាន់ និងឱកាសដែលអាចទាញយកបាន ក្នុងការជំរុញការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាពនៅខេត្តកំពង់ឆ្នាំង។
ជាពិសេស កិច្ចប្រជុំបានលើកយកដំណោះស្រាយតាមបែបធម្មជាតិ (Nature-based Solutions) និងការបង្កើតលំហបៃតង (Green Spaces) ជាយុទ្ធសាស្ត្រសំខាន់ ដើម្បីឆ្លើយតបទៅនឹងបញ្ហាបរិ ស្ថាន ការប្រែប្រួលអាកាសធាតុ និងការរីកចម្រើនសេដ្ឋកិច្ច-សង្គមប្រកបដោយតុល្យភាព។ វិធីសាស្ត្រទាំងនេះមានគោលដៅធ្វើឱ្យទីក្រុងមានភាពធន់ បរិស្ថានស្អាត និងជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង។
កិច្ចប្រជុំនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាតិក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពជាពិសេសគោលដៅទី១១ ស្តីពីទីក្រុង និងសហគមន៍ប្រកបដោយចីរភាព ដែលកម្ពុជាកំពុងជំរុញយ៉ាងសកម្មនៅតាមតំបន់នានា រួមទាំងតំបន់ឆ្នេរ និងទីក្រុងតូចៗដូចជាកំពង់ឆ្នាំង។
កិច្ចប្រជុំបានបញ្ចប់ដោយការប្តេជ្ញាចិត្តរួមគ្នាក្នុងការបន្តសហការ និងអនុវត្តជាក់ស្តែង ដើម្បីប្រែក្លាយខេត្តកំពង់ឆ្នាំងឱ្យក្លាយជាគំរូនៃទីក្រុងបៃតង និងប្រកបដោយចីរភាពនាពេលអនាគត។
