កំពង់ឆ្នាំង៖ពិធីបិទផ្សាយជាសាធារណៈ នូវឯក សារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ សម្រាប់ក្បាលដីចំនួនជាង៦ពាន់ក្បាល នៅក្នុងភូមិចំបក់ខ្ពស់ ភូមិជើងគ្រួស និងភូមិល្វា ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ក្នុងបរិវេណវត្តស្វាយរំពារ ក្រោមអធិបតីភាពលោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង។
ពិធីនេះមានការចូលរួមពីលោក យ៉ែម លក្ខិណា អភិបាលរងស្រុកកំពង់លែង លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ព្រមទាំងតំណាងអង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ធនាគារឯកជន និងប្រជាពលរដ្ឋជាច្រើននាក់។
លោក លី សុភា ប្រធានមន្ទីរ បានឲ្យដឹងថា ឃុំស្វាយរំពារមានភូមិសរុប៥ភូមិ ដែលក្រុមបច្ចេក ទេសបានចុះវាស់វែង និងឈានដល់ដំណាក់កាល បិទផ្សាយនេះ។ នីតិវិធីចុះបញ្ជីដីធ្លីមាន៥ដំណាក់កាល ហើយការបិទផ្សាយជាដំណាក់កាលទី៣ ដែលមានសារសំខាន់ខ្លាំង សម្រាប់ម្ចាស់ក្បាលដីអាចពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួន ដូចជាទំហំ រូបរាង ឈ្មោះម្ចាស់ ជាដើម។ បើមានកំហុសឆ្គង អាចដាក់ពាក្យប្តឹងជំទាស់ ឬតវ៉ា ដើម្បីកែតម្រូវឡើងវិញ ក្នុងរយៈពេល១៥ថ្ងៃ។
លោកបានបន្ថែមទៀតថា ដើម្បីឱ្យដំណើរការបិទផ្សាយដំណើរការលឿន បងប្អូនម្ចាស់ក្បាលដីគួរ យកមកជាមួយ ប័ណ្ណសម្គាល់ក្បាលដី អត្តសញ្ញាណ ប័ណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងឯកសារពាក់ព័ន្ធផ្សេងទៀត។
រយៈពេលបិទផ្សាយចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ (គិតទាំងថ្ងៃឈប់សម្រាក) សម្រាប់ក្បាលដីទាំង៣ភូមិខាងលើ សរុបជាង ៦ពាន់ក្បាល។
ក្នុងឱកាសនោះ លោក សាន់ យូ អភិបាលរងខេត្ត បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលតែងតែ យកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ កាត់បន្ថយវិវាទដីធ្លី និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
លោកបានសង្កត់ធ្ងន់ថា ការបិទផ្សាយនេះជាឱកាសសំខាន់សម្រាប់ម្ចាស់ក្បាលដី ពិនិត្យផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវ មុននឹងចេញប័ណ្ណកម្មសិទ្ធិសម្រាប់ប្រើប្រាស់។ លោកបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ បន្តផ្សព្វផ្សាយយ៉ាងទូលំទូលាយ ដើម្បីឱ្យម្ចាស់ក្បាលដីទាំងអស់មកពិនិត្យ និងចូលរួមឱ្យបានគ្រប់គ្នា។
