ជនភៀសខ្លួនមីយ៉ាន់ម៉ា ១០ម៉ឺននាក់ក្នុងប្រទេសថៃ ប្រឈមភាពអត់ឃ្លាននិងវិបត្តិសុខភាព

ការកាត់បន្ថយជំនួយត្រូវបានចូលជាធរមាននៅថ្ងៃទី ៣១ខែកក្កដា ឆ្នាំ ២០២៥ បានបញ្ចប់សេវាកម្មថែទាំសុខភាពសុខភាព និងជំនួយស្បៀងអាហារសម្រាប់គ្រួសារភាគច្រើន ដោយទុកឱ្យជនភៀសខ្លួន ដែលមិនអាចធ្វើការដោយស្របច្បាប់ ឬធ្វើដំណើរទៅក្រៅជំរុំ ក្នុងស្ថានភាពអស់សង្ឃឹម។

អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បាននិយាយថា ជនភៀសខ្លួនមីយ៉ាន់ម៉ាជាង ១០ ម៉ឺននាក់ដែលកំពុងរស់នៅក្នុងជំរុំនៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា បានបាត់បង់អាហារ និងជំនួយផ្នែកថែទាំសុខភាពភាគច្រើនរបស់ពួកគេ បន្ទាប់ពីការកាត់បន្ថយមូលនិធិរបស់សហរដ្ឋអាមេរិក និងការខ្វះខាតជំនួយផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយររបស់ Human Right Watch នៅថ្ងៃទី១២ខែសីហានេះ។

ជំរុំជនភៀសខ្លួនទាំងប្រាំបួនដែលត្រូវបានបង្កើតឡើងតាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ មានប្រជាជនជាង ១០៧,០០០ នាក់ ដែលភាគច្រើនបានរស់នៅទីនោះអស់ជាច្រើនទស្សវត្សរ៍ ឬកើតនៅក្នុងប្រទេសថៃ។ ដោយមិនមានសិទ្ធិស្របច្បាប់ក្នុងការធ្វើការ ជនភៀសខ្លួនមីយ៉ាន់ម៉ាកំពុងងាកទៅរកវិធីដោះស្រាយហានិភ័យ ដូចជាការរត់ពន្ធខ្លួនឯងចូលទៅក្នុងទីក្រុងសម្រាប់ការងារខុសច្បាប់ ការយកបំណុលការប្រាក់ខ្ពស់ ការទាញកុមារចេញពីសាលារៀនទៅធ្វើការ ឬក្នុងករណីធ្ងន់ធ្ងរបំផុត ឈ្លានដល់ការលួចអាហារ។ កង្វះអាហារូបត្ថម្ភក្នុងចំនោមកុមារអាយុក្រោម ៥ ឆ្នាំបានកើនឡើងជាលើកដំបូងក្នុងរយៈពេលមួយទសវត្សរ៍ ខណៈពេលដែលលទ្ធភាពទទួលបានការថែទាំសុខភាពបានធ្លាក់ចុះយ៉ាងខ្លាំង។