រដ្ឋបាលខេត្តកំពង់ឆ្នាំង អបអរសាទរ ទិវាជាតិទីក្រុងស្អាត លើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សាមគ្គី ដើម្បីទីក្រុងស្អាត»

កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត លើកទី១៣ ឆ្នាំ ២០២៦ ក្រោមប្រធានបទ «សាមគ្គី ដើម្បីទីក្រុងស្អាត» នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅបរិវេណសួនសម្តេចចៅហ្វាវាំង គង់ សំអុល ស្ថិតក្នុងក្រុងកំពង់ឆ្នាំង។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពលោក នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមយ៉ាងច្រើនកុះករ ពីមន្ត្រីរាជការ អាជ្ញាធរក្រុង និងសង្កាត់ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋផងដែរ។

គោលបំណងសំខាន់នៃការរៀបចំពិធីនេះ គឺដើម្បីផ្សព្វផ្សាយ និងបញ្ជាក់ការយល់ដឹងអំពីសារៈ សំខាន់នៃទីក្រុងស្អាត ជាពិសេសការបំផុសស្មារតីដល់ប្រជាពលរដ្ឋគ្រប់រូប ឱ្យចូលរួមសកម្មភាពថែរក្សាអនាម័យ សម្អាតបរិស្ថាន និងរក្សាសោភ័ណភាពក្នុងក្រុងកំពង់ឆ្នាំង ព្រមទាំងតាមបណ្តាមូលដ្ឋាននានា ឱ្យកាន់តែស្រស់ស្អាត ស្អាតបំព្រង និងមានភាពទាក់ទាញបន្ថែមទៀតនាពេលអនាគត។

ទិវាជាតិទីក្រុងស្អាត ជាព្រឹត្តិការណ៍សំខាន់ប្រចាំឆ្នាំ ដែលរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងដើម្បីជំរុញការចូលរួមពីសហគមន៍ ក្នុងការថែរក្សាបរិស្ថាន និងលើកកម្ពស់គុណភាពជីវភាពនៅតាមទីក្រុង និងក្រុងនានាទូទាំងប្រទេស។ក្នុងឆ្នាំ ២០២៦ នេះ ប្រធានបទ «សាមគ្គី ដើម្បីទីក្រុងស្អាត» បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរួមគ្នាពីគ្រប់វិស័យ ដើម្បីសម្រេចបានទីក្រុងដែលស្អាត មានអនាម័យ និងនិរន្តរភាព។

រដ្ឋបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមសកម្មភាពសម្អាតបរិស្ថានជាប្រចាំ និងគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបារ ក្នុងការកសាងទីក្រុងស្អាត និងទាក់ទាញភ្ញៀវទេសចរ។