ភ្នំពេញ ៖ ក្រសួងទេសចរណ៍បានបញ្ជាក់ជាថ្មីថា ព្រះរាជាណាចក្រកម្ពុជានៅតែបន្តជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព និងផ្តល់បរិយា កាសកក់ក្តៅស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរ ជាតិ ទោះបីជាពិភពលោកកំពុងប្រឈមនឹងបញ្ហាប្រឈមជាច្រើនក៏ដោយ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេស ចរណ៍ ដែលចេញផ្សាយកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ប្រទេសកម្ពុជារក្សាបានស្ថិរភាពនយោ បាយ សណ្តាប់ធ្នាប់សង្គមល្អប្រសើរ និងសន្តិសុខរឹងមាំ ដែលធានាឱ្យការធ្វើដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ប្រព្រឹត្តទៅដោយសុវត្ថិភាព ទំនុកចិត្ត និងភាពផាសុកភាព។
ទោះបីជាមានបញ្ហាសកលដូចជា ការប្រែប្រួលអាកាសធាតុ ជំងឺឆ្លង ស្ថានភាពនយោបាយភូមិ សាស្ត្រ និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ជាពិសេសឧក្រិដ្ឋកម្មអនឡាញ) កម្ពុជានៅតែរក្សាសន្តិភាព និងសុវត្ថិភាពបានយ៉ាងរឹងមាំ។ នេះជាលទ្ធផលនៃការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានជំរុញកិច្ចសហ ការយ៉ាងជិតស្និទ្ធរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ភាគីអន្តរជាតិ និងវិស័យឯកជន។
ក្រសួងបានអនុវត្តវិធានការម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទជាពិសេស បទល្មើសឆបោកតាមអនឡាញ ដើម្បីបង្កើនទំនុកចិត្ត និងការពារសុវត្ថិភាពភ្ញៀវទេសចរ។
ក្នុងន័យនេះ ក្រសួងទេសចរណ៍សូមអំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ដែលស្រឡាញ់កម្ពុជា បន្ត មកទស្សនាប្រទេសកម្ពុជាប្រកបដោយទំនុកចិត្តពេញលេញ អារម្មណ៍សុវត្ថិភាព និងភាពកក់ក្តៅ។ ទន្ទឹមនឹងនេះ ក្រសួងសូមលើកទឹកចិត្តឱ្យភ្ញៀវទេសចរបន្តគាំទ្រ និងផ្សព្វផ្សាយពីកម្ពុជាទៅកាន់ពិភពលោក ថាជាទឹកដីអច្ឆរិយៈដែលពោរពេញដោយសម្បត្តិវប្បធម៌ បេតិកភណ្ឌបុរាណ ទេស ភាពធម្មជាតិស្រស់ស្អាត សង្គមសុខដុមនីយកម្ម និងប្រជាជនខ្មែរដែលមានភាពរួសរាយរាក់ទាក់។
កម្ពុជា ជាមួយនឹងអង្គរ ឆ្នេរសមុទ្រ និងវប្បធម៌ដ៏សម្បូរបែប នៅតែត្រៀមស្វាគមន៍ភ្ញៀវទេសចរគ្រប់រូបឱ្យបានកក់ក្តៅ និងមានសុវត្ថិភាព។
