សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ ជាអធិបតីក្នុងពិធីប្រារព្ធទិវាជាតិអំណានលើកទី១១ ក្រោមប្រធានបទ «សំណេរ និងអំណានក្នុងបរិបទថ្មី»

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាជាតិអំណានលើកទី១១ក្រោមប្រធានបទ«សំណេរ និងអំណាន ក្នុងបរិបទថ្មី»។

ពិធីនេះត្រូវបានរៀបចំឡើងនៅវិទ្យាស្ថានបច្ចេក វិទ្យាកម្ពុជា (តិចណូ) រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា សិស្សានុសិស្ស យុវជន អ្នកនិពន្ធ និងអ្នកស្នេហាអក្សរសិល្ប៍ជាច្រើនរូប។

ទិវាជាតិអំណានលើកទី១១ ឆ្នាំនេះ មានគោល បំណងលើកកម្ពស់ទម្លាប់អាន និងសរសេរក្នុងបរិបទឌីជីថល ដើម្បីអភិវឌ្ឍជំនាញអក្សរសាស្ត្រ រក្សាភាសាខ្មែរ និងជំរុញវប្បធម៌អានសៀវភៅជាតិ។ ពិធីបានបញ្ចូលសកម្មភាពសំខាន់ៗ រួមមាន ការប្រគល់ពានរង្វាន់ជ័យលាភីការប្រកួត អានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ «ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន» ព្រមទាំងកម្មវិធីពិព័រណ៍សៀវភៅ និងសន្និសីទពិភាក្សាអំពីសារៈ សំខាន់នៃការអានក្នុងយុគសម័យថ្មី។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងសុន្ទរកថាសង្កត់ធ្ងន់ថាការអានមានអត្ថប្រយោជន៍ ដ៏ធំធេង ជួយធ្វើឱ្យមនុស្សមានសុខភាពខួរក្បាលល្អ ពង្រឹងចំណេះដឹង និងជំរុញការអភិវឌ្ឍបុគ្គល និងសង្គម។ សម្តេចបានអំពាវនាវឱ្យសិស្ស និងយុវជនកាត់បន្ថយការប្រើប្រាស់ទូរស័ព្ទ ដើម្បីចំណាយពេលអានសៀវភៅ និងសរសេរបន្ថែមទៀត។

ពិធីនេះទទួលបានការគាំទ្រ និងការអបអរសាទរពីថ្នាក់ដឹកនាំជាន់ខ្ពស់ រួមទាំងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានបង្ហោះសារលើ បណ្តាញសង្គមដើម្បីលើកទឹកចិត្តឲ្យប្រជាជនគ្រប់ រូបចូលរួមកសាងវប្បធម៌អាន។

ទិវាជាតិអំណាន ដែលប្រារព្ធរៀងរាល់ថ្ងៃទី១១ ខែមីនា គឺជាការរំលឹកដល់ខួបកំណើតសម្តេចព្រះសង្ឃរាជ ជួន ណាត ដែលជាអ្នករក្សាភាសាខ្មែរ និងចងក្រងវចនានុក្រមខ្មែរ។ ព្រឹត្តិការណ៍នេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការអាន និងការសរសេរនៅកម្ពុជា ក្នុងយុគសម័យឌីជីថល។