ឯកឧត្តម ប៉ែន ផល្លីកា ដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យការប្រើប្រាស់ឧបករណ៍នេសាទ ក្នុងរដូវបើកនេសាទ ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប

សៀមរាប៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិ កម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តម រដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យការប្រើប្រាស់ឧបករណ៍នេសាទ ក្នុងរដូវបើកនេសាទ ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប។

ប្រតិបត្តិការនេះ មានការអមដំណើរដោយ លោកស្រី កែវ សុភៈ នាយរងខណ្ឌផ្នែករដ្ឋបាលជល ផលដំដែក ចុងឃ្នៀស និងសង្កាត់រដ្ឋបាលជល ផលសូទ្រនិគម ព្រមទាំងមានការចូលរួមពីកងកម្លាំងទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ កងពលតូច ង ៧០ តំបន់ប្រតិបត្តិការសឹករងខេត្ត ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិ ស្ថានស្រុក ឧទ្យានុរក្សតំបន់ប្រើប្រាស់ច្រើនយ៉ាង និងសហគមន៍នេសាទកំពង់ឃ្លាំង។

ក្នុងដំណើរពិនិត្យនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ក្រុមការងារបានត្រួតពិនិត្យកាណូតអូសលៀសចំនួន ១៤ គ្រឿង ដែល ឈ្នាងអូសលៀសមានក្រឡា ៣ស.ម និងកញ្រ្ចែង រ៉េងក្រឡា ១,៣ ស.ម សមស្របតាមបទប្បញ្ញត្តិដែលបានកំណត់។ទន្ទឹមនឹងនេះក៏បានចាក់លែង លៀសដែលមានទំហំតូចជាងការកំណត់ចំនួន ២០០ គីឡូក្រាម ចូលទៅក្នុងទន្លេសាបវិញ។

បន្ថែមពីនេះ ក្រុមការងារបានត្រួតពិនិត្យឧបករណ៍ លបលូ(របាំង) ចំនួន២០របាំង ដែលបង្ហាញលក្ខណៈសមស្របទាំងស្រុងទៅនឹងគោលការណ៍ដែលបានកំណត់ រួមទាំងក្រឡាចាប់មិនតូចជាង ៣ សង់ទីម៉ែត្រ និងប្រវែងរបាំងសាច់អួនមិន លើសពី ២៥០ ម៉ែត្រ ព្រមទាំងទីតាំងដែលបានកំណត់ផងដែរ។

ឯកឧត្តម ប៉ែន ផល្លីកា បានជួបសំណេះសំណាលជាមួយប្រជាជនដែលកំពុងធ្វើនេសាទដោយអំពាវ នាវឱ្យបន្តប្រើប្រាស់ឧបករណ៍ស្របច្បាប់ ដើម្បីធានាបាននូវការរកទទួលទានប្រកបដោយចីរភាព និងគ្មានការខាតបង់ថវិកា។ ទន្ទឹមគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណចំពោះបងប្អូនប្រជានេសាទ ចំពោះការគោរពច្បាប់បានល្អ និងស្នើឱ្យជួយផ្សព្វ ផ្សាយបន្តទៅកាន់អ្នកនេសាទផ្សេងទៀត ដើម្បីរួមគ្នាទប់ស្កាត់បទល្មើស និងចូលរួមអភិរក្សធនធានជលផលក្នុងបឹងទន្លេសាបឱ្យមានចីរភាព។

មុននឹងបញ្ចប់បេសកកម្ម ឯកឧត្តមបានថ្លែងអំណរគុណ និងសរសើរក្រុមការងារចម្រុះ ជាពិសេស កងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំប្រឹងប្រែង ទប់ស្កាត់បទល្មើសជលផលបានយ៉ាងសកម្ម ដូចភ្លៀងរលឹម ទាំងយប់ទាំងថ្ងៃ ដើម្បីការពារធនធានជលផលជាតិ។

ប្រតិបត្តិការត្រួតពិនិត្យ និងផ្សព្វផ្សាយនេះ បង្ហាញ ពីការប្តេជ្ញាចិត្តរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងការអនុវត្តច្បាប់និងអភិរក្សធនធាន ជលផលបឹងទន្លេសាប ឱ្យមាននិរន្តរភាព និងផ្តល់ ផលប្រយោជន៍ដល់ប្រជាជន។