អ្នកតំណាងរាស្រ្ត និងគណ:អភិបាលខេត្តអញ្ជើញជួបសំណេះសំណាលនិងពិសារអាហារសាមគ្គីជាមួយប្រជាពលរដ្ធចំនួន២ឃុំក្នុងស្រុកកំពង់លែង

កំពង់ឆ្នាំង៖លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង រួមជាមួយឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ឯកឧត្តម ឡុច វណ្ណារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាល និងរួមអាហារសាមគ្គីជាមួយបងប្អូនប្រជាពលរដ្ធចំនួន២ឃុំ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦។

កម្មវិធីនេះត្រូវបានរៀបចំឡើង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ឈានចូលឆ្នាំថ្មីព.ស.២៥៧០ ដែលមានព្រះនាម «រាក្សស័ទេវី»។

ក្នុងឱកាសនោះ លោកជំទាវ កែ ច័ន្ទមុនី និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងប្រសាសន៍សំណេះសំណាល ដោយមានន័យថា ការចុះជួបសំណេះសំណាល និងរួមអាហារសាមគ្គីនេះ គឺជាការបង្កើនសាមគ្គីភាពរវាងថ្នាក់ដឹកនាំ និងប្រជាពលរដ្ធ ព្រមទាំងជាឱកាសដើម្បីស្តាប់ពីទុក្ខកង្វល់ និងបញ្ហាប្រឈមនានារបស់បងប្អូនប្រជាពលរដ្ធ ដើម្បីធ្វើការដោះស្រាយជូនបានទាន់ពេលវេលា។

លោកជំទាវ កែ ច័ន្ទមុនី ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាល ជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ធគ្រប់កាលៈទេសៈ។

លោកជំទាវអ្នកតំណាងរាស្រ្ត និងឯកឧត្តមអភិបាលខេត្ត ក៏បានជូនពរដល់បងប្អូនប្រជាពលរដ្ធទាំងអស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថ្មីព.ស.២៥៧០ ព្រះនាម «រាក្សស័ទេវី» ឱ្យមានសេចក្តីសុខសាន្ត សុភមង្គល និងវិបុលភាពគ្រប់ៗគ្នា ព្រមទាំងបានផ្ដាំផ្ញើឱ្យបងប្អូនប្រតិបត្តិតាមបីបាច់ថែរក្សាសុខភាព និងរស់នៅដោយសុខសាន្ត។

ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានផ្ដល់ជូននូវឯកសណ្ឋានដល់ប្រជាការពារទាំង២ឃុំ រួមទាំងភេសជ្ជៈមួយចំនួនផងដែរ ដើម្បីជាការលើកទឹកចិត្ត និងគាំទ្រដល់ការងាររបស់បងប្អូនប្រជាការពារ។

កម្មវិធីនេះបានប្រព្រឹត្តិទៅដោយបរិយាកាសស្និទ្ធស្នេហ៍ សាមគ្គីភាព និងរីករាយ ដោយមានការចូលរួមយ៉ាងច្រើនកុះករ។