ខេត្តព្រៃវែង៖ កាលពីវេលារំលងអធ្រាត្រ ឈានចូលព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ដែលជាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ បានកើតហេតុឃាតកម្មដ៏រន្ធត់មួយនៅភូមិកន្សោមអក ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
បុរសម្នាក់បានតាមទាន់ប្រពន្ធរបស់ខ្លួនកំពុងលួចជួបជាមួយប្រុសស្នេហ៍នៅក្បែរគុម្ពរស្សីខាងក្រោយផ្ទះ រួចក៏ទប់កំហឹងមិនបាន យកកូនកាំបិតចាក់សម្លាប់ប្រុសស្នេហ៍ភ្លាមៗ និងចាក់ប្រពន្ធរបស់ខ្លួនជាច្រើនកាំបិត បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ បង្កឱ្យមានការភ្ញាក់ផ្អើលឆោឡោទាំងកណ្តាលយប់។
ជនដៃដល់ជាប្តី មានឈ្មោះ មឿន ចិត្ត អាយុ ៤៥ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនភ្លាមៗបន្ទាប់ពីបង្កហេតុ។ ចំណែកប្រពន្ធរងរបួសឈ្មោះ ស្បោង គុយគី អាយុ ៤១ឆ្នាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តស្វាយរៀងភ្លាមៗ ដើម្បីជួយសង្គ្រោះ។ រីឯបុរសជាសាហាយឈ្មោះ អេង លន់អាយុ ៤០ឆ្នាំ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
តាមចម្លើយសារភាពរបស់ជនដៃដល់បានឱ្យដឹងថា ខ្លួនបានសង្ស័យថាប្រពន្ធក្បត់លួចមានសាហាយជាយូរមកហើយ ប៉ុន្តែមិនទាន់ចាប់បានភស្តុតាង។ រហូតដល់វេលាម៉ោង២នាទី៥០នាទី ឈានចូលព្រឹកថ្ងៃទី១៤ ខែមេសា ពេលខ្លួនភ្ញាក់ពីគេង ចង់ឡើងទៅបត់ជើងតូច ស្រាប់តែមើលមិនឃើញប្រពន្ធនៅក្នុងបន្ទប់ ទើបចេញទៅរកខាងក្រៅផ្ទះ។
នៅពេលនោះ រូបគេបានឃើញប្រពន្ធកំពុងនៅជិតស្និទ្ធជាមួយប្រុសស្នេហ៍នៅក្បែរគុម្ពរស្សីខាងក្រោយផ្ទះ ទើបកើតចិត្តក្តៅក្រហាយ រួចយកកូនកាំបិតចាក់សម្លាប់ទាំងពីរនាក់តែម្តង។ ជនដៃដល់បានបញ្ជាក់ថា ក្រោយពីចាក់សម្លាប់ប្រុសស្នេហ៍រួច ខ្លួនបានចាក់ប្រពន្ធជាច្រើនកាំបិតរហូតដេកដូលលើដី គិតថាប្រពន្ធស្លាប់ហើយ ទើបស្រែកប្រាប់បងប្អូនសាច់ញាតិ បណ្តាលឱ្យមានការភ្ញាក់ផ្អើល និងមានសមត្ថកិច្ចចុះមកចាប់ឃាត់ខ្លួនភ្លាមៗ។
សមត្ថកិច្ចជំនាញកំពុងបន្តស៊ើបអង្កេត និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការបន្តតាមនីតិវិធី។

